លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ ២៣កុម្ភៈនៅមុនថ្ងៃគម្រប់ខួប៣ឆ្នាំ នៃការវាយលុករបស់រុស្ស៊ី កាលពីថ្ងៃទី២៤កុម្ភៈ២០២២ ថារូបលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីលាលែងពីតំណែងជាប្រធានាធិបតីអ៊ុយក្រែន ប្រសិនបើអាចដោះដូរជាថ្នូរទីក្រុង Kyiv អាចត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកសម្ព័ន្ធភាពយោធាណាតូ ហើយអ៊ុយក្រែនទទួលបានសន្តិភាព។

លោក Zelenskyy បានប្រឈមការរិះគន់យ៉ាងខ្លាំងពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកចង់ជួបលោក Donald Trump មុនពេលប្រធានាធិបតីអាមេរិក ជួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ។

លោក Zelenskyy បានកំពុងអំពាវនាវឱ្យអ៊ុយក្រែនត្រូវបានផ្តល់ឱ្យជាសមាជិកភាពណាតូជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែសម្ព័ន្ធភាពដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោនមានការស្ទាក់ស្ទើរក្នុងការសន្យា។

លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថា ប្រសិនបើមានសន្តិភាពសម្រាប់អ៊ុយក្រែន ប្រសិនបើអ្នកពិតជាត្រូវការឱ្យខ្ញុំចាកចេញពីមុខតំណែងរបស់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំអាចដោះដូរជាថ្នូរសម្រាប់សមាជិកអង្គការណាតូ។
លោកZelenskyy និងលោកTrump បានប៉ះពារក្នុងសង្គ្រាមពាក្យសម្ដីចាប់តាំងពីក្រុមមន្ត្រីអាមេរិក និងរុស្ស៊ីបានជួបគ្នាកាលពីសប្តាហ៍មុននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់កិច្ចចរចាកម្រិតខ្ពស់លើកដំបូង ក្នុងរយៈពេលបីឆ្នាំ។ ចំណាត់ការនេះបានអង្រួនគោលនយោបាយរបស់លោកខាងលិចក្នុងការកាត់ផ្តាច់វិមានក្រឹមឡាំងឲ្យឯកា និងធ្វើឱ្យមេដឹកនាំអ៊ុយក្រែន និងអឺរ៉ុបខឹងសម្បា ព្រោះពួកគេមិនត្រូវបានអញ្ជើញចូលរួមក្នុងជំនួបនោះ៕