ការស្ទង់មតិក្រោយបោះឆ្នោតបង្ហាញថា បក្សសហភាពប្រជាធិបតេយ្យគ្រីសស្ទៀន (CDU) អភិរក្សនិយមរបស់អាល្លឺម៉ង់ ឬហៅថាក្រុមស្ដាំនិយមកណ្ដាល គ្រោងនឹងវិលមកកាន់អំណាចវិញ ជាមួយនឹងបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ស្តាំនិយមជ្រុល ឈរនៅលេខរៀងទីពីរ បន្ទាប់ពីការបោះឆ្នោតមុនកំណត់ ដែលគ្របដណ្តប់ដោយក្តីបារម្ភអំពីអន្តោប្រវេសន៍ សេដ្ឋកិច្ច និងការវិលត្រឡប់របស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ទីស្នាក់ការកណ្តាលរបស់បក្ស CDU ពោរពេញទៅដោយការអបអរសាទរ និងក្ដីរីករាយនៅល្ងាចថ្ងៃអាទិត្យ (២៣ កុម្ភៈ) បន្ទាប់ពីការស្ទង់មតិក្រោយបោះឆ្នោត ហើយនេះបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រឆាំងស្ដាំនិយមជ្រុល ត្រូវបានកំណត់ឱ្យក្លាយជាក្រុមធំជាងគេ បន្ទាប់ពីការបោះឆ្នោតថ្ងៃអាទិត្យនេះ។

នៅខាងក្រៅអគារ ក្រុមអ្នកតវ៉ាមួយក្រុមតូចបានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងនឹងអ្វីដែលពួកគេយល់ឃើញថាជាជំហរដ៏រឹងរូសរបស់មេដឹកនាំបក្ស CDU ដែលទទួលបានជ័យជំ្នះគឺលោក ហ្វ្រេដឌ្រីច មែស៍ (Friedrich Merz) លើផ្នែកអន្តោប្រវេសន៍។ លោក Merz បានប្រកាសជ័យជម្នះក្នុងព្រឹត្តិការណ៍នៅកណ្តាលទីក្រុងប៊ែរឡាំង ខណៈលោកបង្ហើបយ៉ាងជាក់ស្តែងពីបំណងចង់ឱ្យមានការចរចារចម្រុះយ៉ាងឆាប់រហ័ស។
ប្រសិនបើការស្ទង់មតិក្រោយបោះឆ្នោតនោះត្រឹមត្រូវ ប្លុក CDU នឹងទទួលបាន ២៨,៨% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មានន័យថាលោក Merz អ្នកអភិរក្សនិយមជើងចាស់ដែលមិនធ្លាប់កាន់តួនាទីរដ្ឋាភិបាលពីមុនមក នឹងក្លាយជាអធិការបតីថ្មីរបស់អាល្លឺម៉ង់ ដែលជារដ្ឋមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប និងមានប្រជាជនច្រើនជាងគេ។
បក្ស AfD ស្ដាំនិយមជ្រុល បានជាប់ចំណាត់ថ្នាក់ទីពីរ យោងទៅតាមការស្ទង់មតិក្រោយបោះឆ្នោត ជាមួយនឹងសំឡេង ២០,២% ដែលមិនធ្លាប់មានពីមុនមក មានន័យថា គណបក្សដែលគេគិតថាមានជំហរជ្រុលនិយមមួយនេះ ឥឡូវនេះជាកម្លាំងនយោបាយដ៏សំខាន់។ ទោះបីជាយ៉ាងនេះក្ដី AfD ប្រឈមនឹងការដកចេញពីរដ្ឋាភិបាលដោយបក្សផ្សេងទៀតក្នុងក្រុមចម្រុះ៕