ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ ២៣ កុម្ភៈ បាននិយាយថា អ៊ីស្រាអែលបានបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សារយៈពេល ៥ សប្តាហ៍មកនេះ ដោយពន្យារពេលការដោះលែងអ្នកទោសប៉ាឡេស្ទីនក្រោមកិច្ចព្រមព្រៀងនេះ។

ដំណាក់កាលដំបូងនៃបទឈប់បាញ់នឹងបញ្ចប់នៅដើមខែមីនា ហើយព័ត៌មានលម្អិតនៃដំណាក់កាលបន្ទាប់ដែលបានគ្រោងទុក មិនត្រូវបានព្រមព្រៀងទេ។
ស្របពេលភាពតានតឹងជាថ្មីទៀតបានប៉ះពាល់ដល់កិច្ចព្រមព្រៀង ដែលបានបញ្ឈប់សង្រ្គាមជាង ១៦ខែ អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានប្រកាសពីការពង្រីកប្រតិបត្តិការយោធានៅក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់។

យោធាបាននិយាយថា កងពលរថក្រោះមួយ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Jenin នៃតំបន់ West Bank ដែលជាការដាក់ពង្រាយលើកដំបូងទៅកាន់ទឹកដីនេះក្នុងរយៈពេល ២០ ឆ្នាំ។

ចាប់តាំងពីដំណាក់កាលទីមួយនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ២០២៥ ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិតចំនួន២៥ នាក់នៅក្នុងពិធីនានា ចំពោះមុខហ្វូងមនុស្សនៅទីតាំងផ្សេងៗក្នុងដែនដីហ្កាហ្សា។
ក្រុមអ្នកប្រយុទ្ធពាក់ម៉ាស់ប្រដាប់ដោយអាវុធ អមអ្នកជាប់ឃុំនៅលើឆាកដែលតុបតែងដោយពាក្យស្លោកផ្សេងៗ។ ចំណាប់ខ្មាំងបាននិយាយ និងគ្រវីដៃជាអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានហៅថាជា "ពិធីអាម៉ាស់"៕