កូរ៉េខាងជើងបានគំរាមនៅថ្ងៃចន្ទទី២៤កុម្ភៈនេះថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីក្រុមឃ្លាំមើលដឹកនាំដោយកូរ៉េខាងត្បូងដែលអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល របស់ខ្លួនបាន ចាប់ផ្តើមសកម្មភាពផ្លូវការ។

ការគំរាមកំហែងរបស់កូរ៉េខាងជើង បានកើតឡើងស្របពេលក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី (MSMT) ដែលបង្កើតឡើងដោយកូរ៉េខាងត្បូង និងប្រទេសចំនួន ១០ផ្សេងទៀតកាលពីខែតុលា បានសន្យាថានឹងធានានូវការអនុវត្តពេញលេញនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំរបស់ខ្លួនកាលពីសប្តាហ៍មុន។

ដោយហៅក្រុម MSMT ថាជា ក្រុមខុសច្បាប់ និងឧក្រិដ្ឋកម្ម ប្រធានការិយាល័យគោលនយោបាយ ក្រៅប្រទេសនៅក្រសួងការបរទេសកូរ៉េខាងជើងបានព្រមានថា កងកម្លាំងអរិភាពនឹងត្រូវ សងវិញដ៏ស័ក្តិសម សម្រាប់ការប៉ុនប៉ងរបស់ពួកគេដើម្បីរារាំងការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCAN។

មន្ត្រីរូបនេះបាននិយាយថា កូរ៉េខាងជើងនឹងមិនស្រេកឃ្លានចំពោះការដកទណ្ឌកម្មឡើយ ប៉ុន្តែនឹងមិនដែលមើលរំលងការញុះញង់របស់សហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួនក្នុងការរំលោភលើអធិបតេយ្យភាពស្របច្បាប់របស់កូរ៉េខាងជើង ក្រោមលេសនៃការអនុវត្តទណ្ឌកម្ម និងប្រឆាំងយ៉ាងដាច់អហង្ការជាមួយនឹងចំណាត់ការដ៏ម៉ឺងម៉ាត់៕