ទាហានអ៊ុយក្រែន ប្រហែល ៤៦.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ដោយបង្ខំឱ្យយោធាត្រូវជ្រើសរើសកងកម្លាំងថ្មីក្នុងចំណោមក្រុមបុរសដែលស្ទាក់ស្ទើរក្នុងការប្រយុទ្ធ ដើម្បីបំពេញជួរទ័ពដ៏ទន់ខ្សោយរបស់ខ្លួន។

នៅក្នុងការប៉ាន់ស្មានជាសាធារណៈដ៏កម្រមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញពីការខាតបង់ផ្នែកយោធារបស់ខ្លួន ដោយបញ្ជាក់ថា ទាហានអ៊ុយក្រែនជិត ៣៨០.០០០នាក់ទៀតបានរងរបួស ហើយរាប់ម៉ឺននាក់ត្រូវបានចាត់ទុកថាបាត់ខ្លួន ឬស្ថិតក្នុងការជាប់ឃុំជាឈ្លើយសឹក។

ចំនួនអ្នកស្លាប់ដ៏លើសលប់នៃជម្លោះមានអាយុកាល ៣ឆ្នាំនេះ គឺបង្ហាញឱ្យឃើញយ៉ាងឈឺចាប់នៅទីលានចតុរង្គ Maidan កណ្តាលនៃរដ្ឋធានីគីវ ខណៈឈ្មោះ និងរូបថតរាប់រយសន្លឹកដែលមានដោតទង់ជាតិអ៊ុយក្រែននៅលើនោះ បានស្ថិតនៅពាសពេញតំបន់រំលឹកវិញ្ញាណក្ខន្ធដ៏ធំ ដែលបានបន្តពង្រីកឥតឈប់ឈរ ខណៈក្រុមគ្រួសារបន្តភ័យព្រួយពីការចូលបម្រើទាហានដោយបង្ខំ ព្រោះតែកម្លាំងយោធាដ៏ទន់ខ្សោយរបស់ខ្លួន ទោះជាក្ដីសង្ឃឹមសន្តិភាពកាន់តែលេចរូបរាងច្បាស់ក៏ដោយ។

លោក Zelensky កាលពីខែមេសា ឆ្នាំមុន បានចុះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលបានបន្ថយអាយុនៃការចល័តទ័ពពី ២៧ឆ្នាំ មកនៅត្រឹម ២៥ឆ្នាំ។ ចាប់តាំងពីពេលនោះមក កងល្បាតទាហានបាននិងកំពុងប្រមូលផ្តុំបុរសដែលមានវ័យប្រយុទ្ធពាសពេញអ៊ុយក្រែន ស្របពេលមានការចោទប្រកាន់ពីបទរំលោភបំពាន ការប្រើប្រាស់កម្លាំង និងអំពើពុករលួយនៅក្នុងជួរទ័ព៕