បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ កុម្ភៈ) ថា នឹងមានការរំពឹងទុកថា ក្រុមហ៊ុនអាមេរិកជាច្រើនអាចធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី នៅក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក Trump បាននិងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងបានធ្វើការហៅទូរសព្ទដាច់ដោយឡែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងខែនេះ។

លោកប្រេសិត Witkoff បានប្រាប់ទូរទស្សន៍ CBS ថា “ជាក់ស្តែងណាស់ថា ប្រសិនបើឈានដល់កិច្ចព្រមព្រៀងសន្តិភាព នោះនឹងមានការរំពឹងទុកថា ក្រុមហ៊ុនអាមេរិកត្រឡប់ទៅរុស្ស៊ីវិញ ហើយធ្វើអាជីវកម្មនៅទីនោះ"។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា រុស្ស៊ីអាចទទួលបានការបន្ធូរបន្ថយមួយចំនួនពីទណ្ឌកម្មរបស់អាមេរិក ដោយផ្អែកលើឆន្ទៈរបស់ខ្លួនក្នុងការចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោក Trump បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនធ្វើការរួមគ្នាក្នុងការបញ្ចប់សង្រ្គាមអាយុកាល ៣ឆ្នាំនេះ ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ី បើកប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕