មនុស្សម្នារាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាតវ៉ាគាំទ្រអ៊ុយក្រែន ពីជុំវិញពិភពលោក នៅថ្ងៃអាទិត្យ (២៣ កុម្ភៈ) នៅមុនខួបលើកទី៣ នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រមូលផ្តុំគ្នាតវ៉ា ត្រូវបានធ្វើឡើងនៅទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយមានបាតុកររាប់ពាន់នាក់តម្រង់ជួរតាមដងផ្លូវនៃទីក្រុងប្រាក ប៉ារីស ប្រ៊ុចសែល អាតែន និងកន្លែងផ្សេងទៀតដើម្បីប្រារព្ធខួបលើកទីបីនៃសង្រ្គាមដ៏បង្ហូរឈាមនេះ។

ពលរដ្ឋអ៊ុយក្រែននៅកាណាដារាប់ពាន់នាក់ ក៏បានចូលរួមការតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ី នៅទីក្រុងតូរ៉ុនតូ ក្នុងការជួបជុំដ៏ធំមួយដែលចូលរួមដោយហ្វូងមនុស្សយ៉ាងកុះករដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកពលីក្នុងជម្លោះ។ នៅទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ ជនជាតិអ៊ុយក្រែន និងសកម្មជនរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារការិយាល័យតំណាងរុស្ស៊ី នៅមុនខួបសង្រ្គាមអ៊ុយក្រែន ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេជាមួយទីក្រុងគីវ។

ខណៈសង្រ្គាមចាប់ផ្តើមឆ្នាំទីបួនរបស់ខ្លួន សម្ព័ន្ធមិត្តអឺរ៉ុបបារម្ភកាន់តែខ្លាំងលើតួនាទីរបស់ទីក្រុងគីវ ក្នុងកិច្ចចរចាសន្តិភាពនាពេលខាងមុខរវាងរុស្ស៊ី និងអាមេរិក ដើម្បីបញ្ចប់សង្រ្គាម។ មេដឹកនាំអឺរ៉ុបបានព្យាយាមផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ខណៈអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Donald Trump កំពុងប្រឹងប្រែងធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ៕