ប្រធានចារកម្មយោធារបស់ទីក្រុងគីវ លោក Kyrylo Budanov បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ កុម្ភៈ) នៅមុនខួបទីបីនៃសង្រ្គាមថា កូរ៉េខាងជើងកំពុងផ្តល់ឱ្យ ៥០% នៃតម្រូវការគ្រាប់រំសេវរបស់រុស្ស៊ី នៅជួរមុខក្នុងសង្គ្រាមរបស់ខ្លួនទល់នឹងអ៊ុយក្រែន។

យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីគាំទ្រដល់កងកម្លាំងរុស្ស៊ី ដែលជាការចូលរួមដ៏សំខាន់លើកដំបូងរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងសង្គ្រាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក។

លោក Budanov បានប្រាប់សន្និសីទសារព័ត៌មានថា កូរ៉េខាងជើងក៏បានចាប់ផ្តើមការផ្គត់ផ្គង់ខ្នាតធំនៃម៉ាស៊ីនបាញ់គ្រាប់ស្វ័យប្រវត្តិទំហំ ១៧០មីលីម៉ែត្រ និងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតច្រើនប្រភេទ ២៤០មីលីម៉ែត្រ ទៅកាន់រុស្ស៊ីផងដែរ។

លោកបន្តថា កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីលបាលីស្ទិកដល់រុស្ស៊ីរួចទៅហើយ ហើយនៅឆ្នាំ២០២៥ ទីក្រុងព្យុងយ៉ាងគ្រោងនឹងបញ្ជូនមីស៊ីលប្រភេទនេះចំនួនប្រមាណ ១៤៨គ្រាប់។ ជាមួយគ្នានេះ ប្រធានចារកម្មបរទេសអ៊ុយក្រែន លោក Oleh Ivashchenko បាននិយាយថា នៅឆ្នាំ២០២៥នេះ រុស្ស៊ីគ្រោងនឹងផលិតកាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់ជាង ៧លានគ្រាប់៕