ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) បានរិះគន់វិធានការថ្មីរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងរឹតបន្តឹងជាចម្បងលើការវិនិយោគទ្វេភាគីជាមួយប្រទេសចិន ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការប្រើប្រាស់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាអារុធនយោបាយ ហើយប្តេជ្ញាសងសឹក និងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចុះហត្ថលេខាលើអនុស្សរណៈមួយដោយបញ្ជាឱ្យគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ទប់ស្កាត់ការវិនិយោគរបស់ចិន នៅក្នុងវិស័យយុទ្ធសាស្ត្រ រួមទាំង "បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការថែទាំសុខភាព កសិកម្ម ថាមពល វត្ថុធាតុដើម និងផ្សេងៗទៀត" នេះបើយោងតាមសេចក្ដីណែនាំដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សេតវិមាន។

អត្ថាធិប្បាយឆ្លើយតបនឹងអនុស្សរណៈនៃ "គោលនយោបាយវិនិយោគយកអាមេរិកជាធំ" ដែលមានបំណងរឹតបន្តឹងលើការវិនិយោគទ្វេភាគីជាមួយទីក្រុងប៉េកាំងនេះ ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បាននិយាយនៅថ្ងៃសៅរ៍ថា អាមេរិកកំពុងពន្លើសគំនិតនៃសន្តិសុខជាតិ ដោយការអនុវត្តការរើសអើង និងងាកទៅរកវិធានការមិនទីផ្សារ ដែលរំខានយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងធុរកិច្ចនៃប្រទេសទាំងពីរ។

ក្រសួងបន្ថែមថា "ចិនជំរុញឱ្យអាមេរិក គោរពតាមច្បាប់វិនិយោគអន្តរជាតិ និងពាណិជ្ជកម្ម គោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងបញ្ឈប់ការប្រើប្រាស់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាអាវុធនយោបាយតទៅទៀត។ ទីក្រុងប៉េកាំងនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ហើយចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន"៕
