អគាររបស់សហភាពអឺរ៉ុប នៅទូទាំងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បានបើកភ្លើងបំភ្លឺពណ៌ទង់ជាតិរបស់ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ដើម្បីប្រារព្ធខួបបីឆ្នាំនៃការវាយលុករបស់រុស្ស៊ី។
សង្រ្គាមអ៊ុយក្រែន ជាជម្លោះទឹកដីធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបានជម្លៀសមនុស្សរាប់លាននាក់ បន្សល់ទុកទីក្រុង ទីប្រជុំជន និងតំបន់នានារបស់អ៊ុយក្រែនរងការបំផ្លាញ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ចាប់តាំងពីការចាប់ផ្តើមជម្លោះមក សហភាពអឺរ៉ុប បានទទួលជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់នៅលើទឹកដីរបស់ខ្លួន និងនិយាយថាសមាជិករបស់ខ្លួនបានផ្តល់ជំនួយយោធាចំនួន៤៨,៥ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានវាយលុកចូលប្រទេសជិតខាងខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវដដែលៗ ដល់សម្ព័ន្ធមិត្ត ឱ្យគោរពដល់រាល់ការសន្យារបស់ខ្លួន ក្នុងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន រួមទាំងសព្វាវុធ ដើម្បីទប់ទល់ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ផងដែរ។