ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអរគុណដល់ទាហានរបស់លោក សម្រាប់ការរួមចំណែកដែលពួកគេបានធ្វើចំពោះការវាយលុកនៅប្រទេសអ៊ុយក្រែន។ លោកនិយាយថា រុស្សីកំពុងទទួលបានគោលដៅរបស់ខ្លួន។ នៅឯវិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ លោកពូទីន បានថ្លែងសុន្ទរកថា ក្នុងអំឡុង ពិធីមួយដែលធ្វើឡើងដើម្បីប្រារព្ធ«ទិវាអ្នកការពារជាតិមាតុភូមិ»។

លោកប្រធានាធិបតី បានអរគុណដល់ទាហានដែលបានប្រយុទ្ធនៅអ៊ុយក្រែន។ លោកនិយាយថា ប្រទេសមានមោទនភាពចំពោះពួកគេ និងការរួមចំណែកដែលពួកគេបានធ្វើក្នុងការការពារជាតិមាតុភូមិ។ លោក និយាយថា «បច្ចុប្បន្ននេះ ខណៈពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដំណើរយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រឹង និងអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធ នៅតែពុំមានការផ្លាស់ប្តូរឡើយ»។ «យើង នឹងបន្តកសាងសក្តានុពលប្រយុទ្ធរបស់កងទ័ព និងកងទ័ពជើងទឹក»។

លោកពូទីន បានបញ្ជាក់ថា «អាទិភាពដាច់ខាតរបស់យើង នៅថ្ងៃនេះ គឺការផ្គត់ផ្គង់ដល់កងទ័ពដែលកំពុងប្រយុទ្ធក្នុងប្រតិបត្តិការសឹកពិសេសដោយការផ្គត់ផ្គង់ផ្សេងៗ និងយុទ្ធោបករណ៍ដែលពួកគេត្រូវការ»។