ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដភាគកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ដើម្បីទាមទារវិស័យអប់រំសាធារណៈឱ្យកាន់តែប្រសើរ និងប្រឆាំងការកាត់បន្ថយរបស់រដ្ឋាភិបាល។ ការដើរដង្ហែក្បួនជាមួយបដា មានអំណានថា «សូមសង្គ្រោះការអប់រំសាធារណៈ ការធ្វើឯកជនភាវូបណីយកម្ម គឺជាការបំផ្លាញដល់ពួកយើង» ដែលអ្នកចូលរួមបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះគោលនយោបាយ ដឹកនាំដោយមេដឹកនាំប្រចាំតំបន់ លោកស្រី Isabel Díaz Ayuso ។

គោលនយោបាយអប់រំរបស់លោកស្រី Díaz Ayuso បានធ្វើឲ្យមានការរិះគន់ក្នុងពេលមានការកើនឡើងយ៉ាងខ្លាំងក្នុងការចុះបញ្ជីការអប់រំវិជ្ជាជីវៈឯកជន (FP) ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារកង្វះសាលារៀនរដ្ឋ។ និន្នាការនេះ បានជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្វើឯកជនភាវូបនីយកម្មបន្ថែមទៀត ដោយក្រុមអ្នកតវ៉ាបានអះអាងថា អវត្តមាននៃជម្រើសអប់រំសាធារណៈគ្រប់គ្រាន់ ធ្វើឱ្យប៉ះពាល់ដល់សិស្សក្នុងភាពមិនស្មើគ្នា។

នៅតាមដងផ្លូវ ក្រុមអ្នកតវ៉ា បានកាន់ស្លាកដែលមានអំណានថា «ការពារអ្វីដែលជារបស់សាធារណៈ» ខណៈអ្នកផ្សេងទៀតបានអំពាវនាវឱ្យលោកស្រី Ayuso លាលែងពីតំណែង ដោយបដិសេធការធ្វើឯកជនភាវូបនីយកម្មសេវាសាធារណៈសំខាន់ៗ។