អ៊ីស្រាអែល បានដាក់ពង្រាយរថក្រោះជាច្រើនគ្រឿងទៅកាន់ផ្នែកខាងជើងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ជាការដាក់ពង្រាយរថក្រោះលើកដំបូងទៅកាន់តំបន់នេះ ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា លោកបានបញ្ជាឱ្យកងកម្លាំងយោធាពង្រីកប្រតិបត្តិការនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅក្រុង Jenin, Tulkarem និងក្រុង Nur al-Shams នៅភាគខាងជើងតំបន់ West Bank ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ។ លោកនិយាយថា ប្រជាជនប៉ាឡេស្ទីន ៤០.០០០នាក់ បានចាកចេញពីជំរំ។

សេចក្តីថ្លែងការណ៍យោធាបាននិយាយបន្ថែមថា រថក្រោះនឹងត្រូវដាក់ពង្រាយទៅកាន់ក្រុង Jenin ជាផ្នែកមួយនៃការវាយលុក។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាដល់យោធាឱ្យធ្វើប្រតិបត្តិការ «ខ្លាំងក្លា» នៅតំបន់ West Bank បន្ទាប់ពីការបំផ្ទុះរថយន្តក្រុងនៅជិតទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ជាអ្វីដែលខុទ្ធការល័យរបស់លោក Netanyahu បានចាត់ទុកថា ជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំ ប៉ុន្តែគ្មានអ្នកស្លាប់ឬរងរបួស ត្រូវបានគេរាយការណ៍នោះទេ។
យោធារបស់អ៊ីស្រាអែល បាននិងកំពុងធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ West Bank ក្នុងរយៈពេលមួយខែកន្លងទៅនេះ ដែលខ្លួននិយាយថាកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ។
ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងជំរំជនភៀសខ្លួន តំបន់West Bank ខណៈលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញ។