សៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង១១ម៉ឺននាក់ បានទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងរយៈពេល៣ថ្ងៃមកនេះ អ្នកទេសចរទៅកំសាន្ដនៅខេត្ដសៀមរាប ជាង១១ម៉ឺននាក់ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០ នាក់ ដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
តំបន់ទេសចរណ៍ដែលទទួលបានទេសចរច្រើន រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩,០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២,៧០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០ នាក់។
ជាមួយគ្នានោះ ភ្ញៀវទេសចរបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជាទៅដើរកំសាន្ដនៅខេត្ដសៀមរាបមានចំនួន ១,១៤៦ នាក់ផងដែរ។
របាយការណ៍ដដែល បានបញ្ជាក់ថា នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យ នាថ្ងៃទី១៨ខែវិច្ឆិកាមានអ្នកទេសចរទៅកំសាន្ដមានចំនួនជាង១ម៉ឺន៥ពាន់នាក់ (១៥,២៦០ នាក់) ក្នុងនោះភ្ញៀវអន្ដរជាតិចំនួន២៦០នាក់ ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា មានអ្នកទេសចរជាង៤ម៉ឺននាក់ និងភ្ញៀវបរទេសជាង៧រយនាក់ និងនៅថ្ងៃទី២០ ខែវិច្ឆិកានេះមានចំនួនជាង ៥ម៉ឺននាក់ (៥៥.១៨៤នាក់) និងភ្ញៀវអន្ដរជាតិមានចំនួនជាង១ពាន់នាក់ ( ១៨៤ នាក់)។សរុបរយៈពេល០៣ថ្ងៃនេះ ចំនួនប្រមាណ ១១៨,១៤៦ នាក់ ខណៈដែលភ្ញៀវអន្ដរជាតិស្នាក់នៅកម្ពុជាមានចំនួន១១៤៦នាក់។
គួរកត់សម្គាល់ថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅទស្សនាខេត្ដសៀមរាបអង្គរនេះ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចប្រកាសបើកទេសចរណ៍ឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ការបើកទេសចរណ៍ចូលមកប្រទេសកម្ពុជានេះ ចំពោះភ្ញៀវទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ៕





