អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ជំនួបទល់មុខគ្នារវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។នេះបានកត់សម្គាល់ពីការចាកចេញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីដាក់ទីក្រុងមូស្គូឱ្យឯកោជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា កិច្ចប្រជុំកំពូលរវាងលោក Trump និងលោកPutin អាចពាក់ព័ន្ធនឹងការពិភាក្សាទូលំទូលាយលើបញ្ហាពិភពលោក មិនមែនត្រឹមតែសង្គ្រាមនៅអ៊ុយក្រែននោះទេ។

លោកបាននិយាយថា បញ្ហាគឺអំពីការចាប់ផ្តើមឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសរបស់យើងមានប្រក្រតីភាពឡើងវិញ ដោយស្វែងរកមធ្យោបាយដើម្បីដោះស្រាយស្ថានការណ៍ធ្ងន់ធ្ងរបំផុត និងមានសក្តានុពល និងគ្រោះថ្នាក់ខ្លាំងបំផុត ភាគច្រើនបញ្ហាសង្រ្គាមអ៊ុយក្រែន។
ប៉ុន្តែលោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំការប្រជុំបែបនេះគឺស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយថាការធ្វើឱ្យជំនួបនោះកើតឡើងនឹងតម្រូវឱ្យមានការងារត្រៀមរៀបចំឲ្យបានល្អបំផុត។
លោក Ryabkov បានបន្ថែមថា បេសកជនអាមេរិក និងរុស្ស៊ី អាចជួបប្រជុំគ្នាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាបន្ថែមទៀតក្នុងចំណោមមន្ត្រីជាន់ខ្ពស់។
លោក Trump បាននិយាយកាលពីសប្ដាហ៍មុនថា លោកអាចជួបលោក Putin នៅដំណាច់ខែនេះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត តែរហូតមកដល់ពេលនេះក៏ពុំទាន់មានការបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃជំនួបរវាងមេដឹកនាំទាំង២ដែរ៕