ភ្នំពេញ ៖ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិអន្តរជាតិដែលមានស្រាប់នៅក្នុងស្រុក បានចេញដើរកម្សាន្ត សរុប៩១ម៉ឺននាក់កើនឡើងជាង៥៤% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។
បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សំរាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ ភ្ញៀវទេសចរចេញដើរទៅលេងកម្សាន្តពីគោលដៅទេសចរណ៍សំខាន់ៗ នៅតាមបណ្តារាជធានីខេត្ត មួយទៅរាជធានីខេត្តមួយទៀតនៅទូទាំងប្រទេស មានចំនួនសរុបជាង៩១ម៉ឺន១៥០នាក់ ក្នុងនោះភ្ញៀវចេញដើរនៅថ្ងៃទី១ មានជាង១៣ម៉ឺន២០០០នាក់ ថ្ងៃទី២ចេញដើរកម្សាន្តមានជិត៣៣ម៉ឺន៣០០០នាក់ កើនឡើងជាង ១៥២%ធៀបនឹងថ្ងៃទី១ ដោយឡែកថ្ងៃទី៣ ភ្ញៀវបន្តចេញដើរកម្សាន្តមានជិត៤៤ម៉ឺន៥០០០នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១គឺកើនឡើងប្រមាណ ២៣៧.២៨%។
ឯកឧត្តម ជុក ជំនោរ បន្តថា នៅក្នុងចំណោម៩១ម៉ឺននាក់នោះ ក៏មានការកើនឡើងប្រមាណជិត៣៧% ផងដែរបើធៀបនឹងថ្ងៃឈប់សំរាក៣ថ្ងៃបុណ្យភ្ជុំបិណ្ឌកាលពីដើមខែតុលាឆ្នាំ២០២១។
ឯកឧត្តម ជុក ជំនោរ បន្តថា គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេល៣ថ្ងៃ ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាងគេទី១ រាជធានីភ្នំពេញ មានភ្ញៀវទៅកម្សាន្តមានប្រមាណជិត ២០ម៉ឺននាក់ ទី២ ខេត្តសៀមរាបមានជិត១២ម៉ឺននាក់ ទី៣ខេត្តព្រះសីហនុ មានជាង១១ម៉ឺននាក់ ទី៤ខេត្តកំពត មានជាង៨ម៉ឺននាក់ ទី៥កែបមានជិត៧ម៉ឺន៦០០០នាក់ ហើយខេត្តក្រៅពីនេះ ក៏បានទាក់ទាញភ្ញៀវដើរកម្សាន្តច្រើនដែរ ជាពិសេសខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ មណ្ឌលគិរី កណ្តាល និងខេត្តរតគិរីជាដើម។
ឯកឧត្តម បន្តថា បន្ថែមលើនេះក៏មានពលរដ្ឋជាច្រើនទៀតផងដែរ បានចេញដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋានរបស់គេ ដូចជាការទៅជួបជុំញាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន គ្រែទឹក ក្ចុសនានាទៀត ពិសេសនៅមាត់ទន្លេព្រែកលាប បាក់ខែង និងរមណីយដ្ឋានគៀនស្វាយជាដើម។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតំលៃជារួមថា ឥរិយាបថភ្ញៀវទេសចរដែលចេញដើរ ក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ក្នុងនោះពលរដ្ឋភាគច្រើនបានចេញដើរងាកទៅរកការប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ មានដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗ មានកំរិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើងដែរ ហើយមានការប្រុងប្រយ័ត្នខ្ពស់ ដោយបានអនុវត្តវិធាន៣ កុំ៣ការពារ និងការអនុវត្តស្តង់ដា SOPតាមមូលដ្ឋានអាជីវកម្មបានល្អផងដែរ៕
អត្ថបទ ស៊ុម សុខជា










