អ្នកកាន់ទុក្ខរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបេរូត កាលពីថ្ងៃអាទិត្យ (២៣ កុម្ភៈ) សម្រាប់ពិធីបុណ្យសពអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា គឺលោក Hassan Nasrallah និងលោក Hashem Safieddine ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានហោះហើររយៈកម្ពស់ទាបពីលើរដ្ឋធានីលីបង់មួយនេះ។

កីឡដ្ឋាន Camille Chamoun ដែលមានសមត្ថភាពផ្ទុកមនុស្សបានជិត ៥០.០០០នាក់ ពោរពេញទៅដោយហ្វូងមនុស្សដែលកាន់រូបភាពអតីតមេដឹកនាំទាំងនេះ និងគ្រវីទង់តំណាងក្រុមហេសបូឡា។

យន្តហោះអ៊ីស្រាអែល បានហោះហើរជុំវិញដំណើរការនៃពិធីនោះ នៅក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានហៅថា "ជាការផ្ញើសារដោយចេតនា"។ ជាមួយគ្នានេះ ក្រុមហេសបូឡា បន្តចោទអ៊ីស្រាអែល ថារំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយបារាំង និងអាមេរិក រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួររម្លឹកថា លោក Nasrallah អតីតមេដឹកនាំហេសបូឡា ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ហើយលោក Safieddine ដែលជាអនុប្រធាន និងជាអ្នកស្នងតំណែងរបស់លោក Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៤៕