នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអាទិត្យ (២៣ កុម្ភៈ) ថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចក្នុងការបន្តការប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលណាក៏បាន បន្ទាប់ពីលោកពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលគ្រោងទុកនៅថ្ងៃសៅរ៍មុននោះ។

បន្ទាប់ពីការគំរាមនេះ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល IDF បានបង្កើនកម្រិតប្រកាសអាសន្ន និងការត្រៀមខ្លួននៅតាមបណ្តោយព្រំដែនហ្កាហ្សា ខណៈនៅពេលជាមួយគ្នានោះ ខ្លួនបានបញ្ចប់ការរឹតបន្តឹងទាំងអស់លើសកម្មភាពស៊ីវិល នៅតាមព្រំដែនភាគខាងជើងជាមួយលីបង់។

ភាពតានតឹងនេះបានកើតឡើងស្របពេលមានភាពមិនច្បាស់លាស់ពីអនាគតបទឈប់បាញ់ដែលកំពុងបន្តនៅដែនដីហ៊ុមព័ទ្ធនេះ និងលទ្ធភាពនៃការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នាដ៏បង្ហូរឈាមជាថ្មីរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅទីនោះ។

ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោក Netanyahu និងម្រមុខការពារជាតិអ៊ីស្រាអែល លោក Israel Katz បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងរៀបចំផែនការសឹក ក្នុងករណីការប្រយុទ្ធចាប់ផ្ដើមឡើងវិញពិតមែន ហើយបានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តលើការដោះលែងចំណាប់ថ្នូរទាំងអស់មកវិញ និងការដកក្រុមហាម៉ាស ចេញពីអំណាចគ្រប់គ្រងនៅហ្កាហ្សា៕