បណ្ដាមេដឹកនាំទូទាំងពិភពលោកបានសម្ដែងការអបអរសាទររបស់ពួកគេ បន្ទាប់ពីក្រុមអភិរក្សនិយមរបស់អាល្លឺម៉ង់ បានឈ្នះការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យ (២៣ កុម្ភៈ) ដោយធ្វើឱ្យមេដឹកនាំបក្សគឺលោក ហ្វ្រេដឌ្រីច មែស៍ (Friedrich Merz) ក្លាយជាអធិការបតីបន្ទាប់ ខណៈបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ស្តាំនិយមជ្រុល បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងលទ្ធផលល្អបំផុតដែលមិនធ្លាប់មាន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះលើបណ្ដាញសង្គមបន្ទាប់ពីលទ្ធផលក្រោយបោះឆ្នោតថា "ដូចសហរដ្ឋអាមេរិកដែរ ប្រជាជនអាល្លឺម៉ង់ធុញទ្រាន់នឹងរបៀបវារៈដែលគ្មានសុភវិនិច្ឆ័យ ជាពិសេសលើថាមពល និងអន្តោប្រវេសន៍។ នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់អាល្លឺម៉ង់"។

ប្រធានាធិបតីបារាំង លោក Emmanuel Macron លើកឡើងថា លោកបានផ្ញើសារអបអរទៅកាន់លោក Friedrich Merz ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតអាល្លឺម៉ង់ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer មេដឹកនាំអ៊ុយក្រែនលោក Volodymr Zelensky និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាន "អបអរដល់អធិការបតីអាល្លឺម៉ង់ដែលទើបជាប់ឆ្នោតរូបនេះ"។

បណ្ដាមេដឹកផ្សេងទៀតដូចជានៅអ៊ីស្រាអែល អូទ្រីស ក្រិក ឆេក និងអ្នកជាច្រើនទៀត ក៏បានសម្ដែងក្ដីរីករាយ និងអបអរទៅកាន់លោក Merz ចំពោះជ័យជម្នះក្នុងការបោះឆ្នោតជាតិរបស់អាល្លឺម៉ង់ ដែលជារដ្ឋមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប និងមានប្រជាជនច្រើនជាងគេ៕