លោក Steve Witkoff ប្រេសិតមជ្ឈិមបូព៌ារបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដើម្បីជំរុញឱ្យមានការបន្តរយៈពេលនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

បទឈប់បាញ់បីដំណាក់កាលដែលចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឥឡូវនេះជិតដល់ចប់ដំណាក់កាលទី១ហើយនៅដើមខែមីនា ខាងមុខនេះ។ កិច្ចព្រមព្រៀងនេះបានបន្តយ៉ាងទូលំទូលាយ បើទោះបីជាមានការចោទប្រកាន់លើការរំលោភបំពានពីភាគីទាំងសងខាង និងជំហានថយក្រោយជាបន្តបន្ទាប់ក៏ដោយ។

លោក Witkoff បានប្រាប់សារព័ត៌មាន CNN ថា "ដំណាក់កាលទីមួយនៃបទឈប់បាញ់ហ្កាហ្សាត្រូវតែបន្ត ហើយរូបលោកនឹងទៅកាន់តំបន់នេះក្នុងសប្ដាហ៍នេះ ប្រហែលជានៅថ្ងៃពុធ ២៦ កុម្ភៈ ខាងមុខ ដើម្បីធានាឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការបន្តដំណាក់កាលទីពីរនៃបទឈប់បាញ់ហ្កាហ្សា"។

គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃបទឈប់បាញ់នេះ រួមមានកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែល ៣៣នាក់ ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ដោះដូរនឹងអ្នកជាប់ឃុំ និងអ្នកទោសប៉ាឡេស្ទីនជិត ២.០០០នាក់នៅអ៊ីស្រាអែល។ ដំណាក់កាលទីពីរនឹងរួមបញ្ចូលទាំងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរប្រហែល ៦០នាក់ដែលនៅសេសសល់៕