ព្រិលធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងបន្តធ្លាក់នៅទូទាំងតំបន់ដ៏ធំទូលាយរបស់ប្រទេសជប៉ុន ភាគច្រើននៅតាមឆ្នេរសមុទ្រជប៉ុន។ ប្រជាជនក្នុងតំបន់កំពុងត្រូវបានណែនាំអោយមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។

ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា គំរូសម្ពាធរដូវរងា និងខ្យល់ត្រជាក់ខ្លាំង កំពុងបណ្តាលឱ្យមានព្រិលធ្លាក់ជាបន្តបន្ទាប់ នៅតំបន់តាមបណ្តោយឆ្នេរសមុទ្រជប៉ុន ចន្លោះពីតំបន់ Hokuriku និងតំបន់ Chugoku ។

គិតត្រឹមម៉ោង៥ព្រឹកថ្ងៃច័ន្ទនេះ(ម៉ោងក្នុងតំបន់) ព្រិលមានគំនរដល់៥,០៥ ម៉ែត្រនៅក្នុងតំបន់ Sukayu នៃខេត្តAomori ៣,៨៤ម៉ែត្រនៅក្នុងក្រុង Uonuma ខេត្តNiigata ៣,៣២ម៉ែត្រនៅក្នុងភូមិ Ohkura ខេត្តYamagata និង១,២៤ ម៉ែត្រនៅក្នុងក្រុង Ono ខេត្ត Fukui ។
ព្រិលធ្លាក់ខ្លាំង អាចត្រូវបានគេរំពឹងទុកសូម្បីតែនៅក្នុងតំបន់ដែលជាធម្មតាទទួលបានព្រិលធ្លាក់តិច ដូចជាតំបន់ Kinki ភាគកណ្តាល និងតំបន់ទំនាបនៃខេត្ត Shikoku។ ការធ្លាក់ព្រិល ត្រូវបានគេព្យាករណ៍សម្រាប់រយៈពេល២៤ម៉ោង រហូតដល់ព្រឹកថ្ងៃអង្គារ។
មន្ត្រីឧតុនិយម បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរំខានចរាចរណ៍ ការបាក់ផ្ទាំងទឹកកកពីលើដំបូលផ្ទះ ការដាច់ចរន្តអគ្គិសនី និងដើមឈើបាក់រលំ ដែលបណ្តាលមកពីការធ្លាក់ព្រិល។