រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថា៖« អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកុងហ្គោ ត្រូវតែគោរព» នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមប្រដាប់អាវុធ M23 បានឈានជើងនៅខ្សែត្រៀមជួរមុខជាច្រើន នៅភាគខាងកើតដែលអស្ថិរភាពរបស់ប្រទេសនេះ។

លោក Lammy បាននិយាយនៅក្នុងវីដេអូនៅលើបណ្តាញXថា៖« ត្រូវតែមានបទឈប់បាញ់មួយឥឡូវនេះ ហើយអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កុងហ្គោ ត្រូវតែត្រូវបានគោរព» ដោយអំពាវនាវឲ្យ«ដំណើរការសន្តិភាពមួយដែលដឹកនាំដោយបណ្តាប្រទេសអាហ្វ្រិក»។

យោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចលនា M23 ដែលត្រូវបានគាំទ្រដោយទាហានរ្វ៉ាន់ដាប្រហែល ៤.000នាក់ បច្ចុប្បន្ន គ្រប់គ្រងតំបន់ដ៏ធំនៃភាគខាងកើតកុងហ្គោ ជាតំបន់ដែលមានបញ្ហា សម្បូរទៅដោយធនធានធម្មជាតិ។
លោក Lammy បានថ្លែងថា៖«យើងកំពុងអំពាវនាវឲ្យភាគីទាំងអស់អនុញ្ញាតឲ្យផ្តល់ជំនួយទៅដល់អ្នកដែលត្រូវការបំផុត» ដោយបន្ថែមថា លោកបាននិយាយជាមួយប្រធានាធិបតីរ៉្វាន់ដា លោក Paul Kagame និងសមភាគីកុងហ្គោលោក Felix Tshisekedi។
លោក បានបញ្ជាក់ថា៖«ចក្រភពអង់គ្លេស នឹងគាំទ្រអ្នកដែលប្តេជ្ញាបញ្ចប់ជម្លោះ ហើយយើងនឹងចាត់វិធានការចំពោះអ្នកដែលបន្តបញ្ឆេះសង្គ្រាមនេះ»។