នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យកងទ័ពថ្មីរបស់ស៊ីរី ឬក្រុមបះបោរដែលដឹកនាំការទម្លាក់អតីតប្រធានាធិបតីលោក បាសា អាល់អាសាដ ( Bashar Assad) ចូលទៅកាន់តំបន់ភាគខាងត្បូងនៃទីក្រុង ដាម៉ាស (Damascus) ខណៈដែលរដ្ឋាភិបាលរបស់លោក បានប្រកាសយ៉ាងច្បាស់ថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តនៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងប្រទេសស៊ីរី ក្នុងរយៈពេលមិនកំណត់។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យនៅឯពិធីចែកសញ្ញាបត្រដល់យោធា បាននាំឲ្យមានការព្រួយបារម្ភថ្មីអំពីវត្តមានរបស់អ៊ីស្រាអែល និងបានផ្លាស់ប្តូរនៅក្នុងផ្នែកនៃភាគខាងត្បូងនៃប្រទេសស៊ីរី ខណៈដែលមេដឹកនាំថ្មីរបស់ទីក្រុងដាម៉ាស ព្យាយាមបង្រួបបង្រួមការគ្រប់គ្រង បន្ទាប់ពី សង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកនោះ។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងថា៖«សូមបញ្ជាក់ថា យើងនឹងមិនអនុញ្ញាតឲ្យកងកម្លាំង HTS ឬកងទ័ពស៊ីរីថ្មី ចូលទៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុងដាម៉ាសទេ» ដោយសំដៅទៅលើអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី ក៏ដូចជា ក្រុមHayat Tahrir Al-Sham ដែលជាអតីតក្រុមឧទ្ទាមដ៏សំខាន់នោះ។
លោកបានបន្តថា៖«យើងទាមទារឲ្យគ្មានយោធាទាំងស្រុងនៃភាគខាងត្បូងប្រទេសស៊ីរី នៅក្នុងខេត្ត Quneitra, Daraa និង Suwayda មកពីកងកម្លាំងនៃរបបថ្មី។ ដូចគ្នានេះដែរ យើងនឹងមិនអត់ឱនឲ្យមានការគំរាមកំហែងណាមួយ ចំពោះសហគមន៍ជ្វីហ្វ នៅភាគខាងត្បូងប្រទេសស៊ីរីឡើយ»។