រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់សារព័ត៌មាន Fox News ថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានទាហានអាមេរិកណាមួយ នឹងត្រូវដាក់ពង្រាយ ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។
នៅពេលសួរថា តើកងកម្លាំងអាមេរិក អាចត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែនដែរឬទេ លោកបានផ្តល់ចម្លើយអវិជ្ជមាន។ លោកបាននិយាយថា៖«យើងច្បាស់ណាស់អំពីរឿងនោះ។ កងទ័ពអាមេរិក នឹងមិននៅលើដីនៅអ៊ុយក្រែនទេ។ ប៉ុន្តែភាពជាដៃគូសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់»។
ក្នុងពេលជាមួយគ្នានេះ ប្រមុខមន្ទីរបញ្ចកោណ បានបញ្ជាក់ថា៖«នៅលើទ្វីបនេះ អឺរ៉ុបគួរតែដឹកនាំ [ក្នុងការផ្តល់សន្តិសុខ]» ។ លោកបានបន្ថែមថា៖ «នេះគឺជាការលើកទឹកចិត្តខ្លាំងណាស់ដែលឃើញមេដឹកនាំអឺរ៉ុបនិយាយថា យើងបានត្រៀមខ្លួន ដើម្បីឈានជើងចូលក្នុងប្រទេសអ៊ុយក្រែន និងជួយផ្តល់ការធានាសន្តិសុខ។ យើងស្វាគមន៍ចំពោះការសម្រេចបែបនេះ។
នាពេលមុននេះ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីប្រភពថា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អាចនឹងបង្ហាញសេចក្តីព្រាងនៃផែនការដាក់ពង្រាយកងរក្សាសន្តិភាពអង់គ្លេស និងបារាំង នៅអ៊ុយក្រែន ដល់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី ២៧ ខែកុម្ភៈ។ សេចក្តីព្រាងនោះ បញ្ជាក់ថា ទីក្រុងឡុងដ៍ និងប៉ារីស ចង់ទទួលបានការគាំទ្រការវាយប្រហារពីទីក្រុងវ៉ាស៊ីនតោន ប្រសិនបើកងរក្សាសន្តិភាពរបស់ពួកគេរកឃើញថា ពួកគេ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ជាផ្នែកមួយនៃផែនការនេះ បារាំង និងអង់គ្លេស ចង់ដាក់ពង្រាយទ័ពជើងគោក និងផ្លូវអាកាស ក៏ដូចជាកងទ័ពជើងទឹកផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានប្រាប់សារព័ត៌មាន TASS ថា រុស្ស៊ីមានអាកប្បកិរិយាអវិជ្ជមានទាក់ទងនឹងគំនិតនៃការដាក់ពង្រាយកងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន។ យោងតាម Grushko បានឲ្យដឹងថា នេះគឺជាជំហានឆ្ពោះទៅរកការកើនឡើងភាពតានតឹង។