ប្រភពពីរដែលអំពីវឌ្ឍនភាពនេះ បាននិយាយថា ក្រុមនិស្សិតបង់ក្លាដែស ដែលស្ថិតនៅជួរមុខនៃការតវ៉ាកាលពីឆ្នាំមុន ដែលបានទម្លាក់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ចេញពីតំណែងនោះ គ្រោងនឹងបង្កើតគណបក្សនយោបាយមួយ ក្នុងសប្តាហ៍នេះ។
ក្រុមនិស្សិតប្រឆាំងនឹងការរើសអើង (SAD) បានដឹកនាំការតវ៉ា ដែលបានចាប់ផ្តើមជាចលនាដឹកនាំដោយនិស្សិតប្រឆាំងនឹងកូតាការងារ ក្នុងវិស័យសាធារណៈ ប៉ុន្តែបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅជាការបះបោរ ទូទាំងប្រទេស ដែលបានបង្ខំឲ្យលោកស្រី Hasina ភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌា ខណៈដែលភាពចលាចល បានឈានដល់កម្រិតខ្ពស់បំផុត នៅដើមខែសីហា។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានអះអាងថា ក្រុមនិស្សិតនេះ កំពុងបញ្ចប់ផែនការរៀបចំបង្កើតគណបក្សថ្មីមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ ដែលទំនងជាធ្វើនៅថ្ងៃពុធ។
ប្រភពដដែលបាននិយាយថា លោក Nahid Islam ដែលជាមេដឹកនាំនិស្សិត និងជាទីប្រឹក្សារដ្ឋាភិបាល បណ្តោះអាសន្ន ដែលទទួលបន្ទុកបង់ក្លាដែស បន្ទាប់ពីលោកស្រី Hasina ត្រូវបានបណ្តេញពីអំណាច ត្រូវបានគេរំពឹងថា នឹងដឹកនាំគណបក្សនេះ ជាប្រធាន។
លោក Islam គឺជាតួអង្គសំខាន់ក្នុងការតស៊ូមតិ ដើម្បីផលប្រយោជន៍និស្សិត នៅក្នុងរដ្ឋា ភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលលោក Muhammad Yunus ដែលបានគ្រប់គ្រងប្រទេសបង់ក្លាដែស តាំងពីខែសីហា ឆ្នាំ ២០២៤។ លោកត្រូវបានគេរំពឹងថា នឹងលាលែងពីតួនាទីបច្ចុប្បន្នរបស់លោក ដើម្បីផ្តោតលើការដឹកនាំគណបក្សនយោបាយថ្មីនេះ។