បន្ទាប់ពីមានការបោះឆ្នោតសភាមុនអាណត្តិ ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមប្រឈមជាមួយការផ្លាស់ប្តូរ ទាំងក្រុមមេដឹកនាំ និងគោលនយោបាយ។ ក្រុមអភិរក្សនិយម គឺគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) ទំនងជានឹងដឹកនាំរដ្ឋាភិបាលថ្មីក្រោមការគ្រប់គ្រងប្រធានរបស់បក្ស លោក Friedrich Merz បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រ ២៨,៥ភាគរយ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកុម្ភៈ)។ តែទោះជាយ៉ាងណាក្ដី គេនៅតែមិនទាន់ច្បាស់លាស់ទេថា តើបក្ស CDU អាចបង្កើតរដ្ឋាភិបាលម្រុះ ដោយគ្រាន់តែមានដៃគូតែមួយគណបក្សដែរ ឬយ៉ាងណា។
ក្រុមស្ដាំនិយមជ្រុល គឺគណបក្សជម្រើសផ្សេងទៀត សម្រាប់អាល្លឺម៉ង់ (AfD) ទំនងមិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះនោះទេ បើទោះបីជាបានឈ្នះលំដាប់ទី២ ដោយមានសំឡេងឆ្នោតប្រហែល ២០ភាគរយក៏ដោយ ពោលគឺមានកម្រិតប្រហែល ២ដងនៃការរាប់សំឡេងឆ្នោតកាលពីមុន។ ចំណែកគណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់អធិការបតីលោក Olaf Scholz បានទទួលលទ្ធផលបោះឆ្នោតដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយឈរនៅលេខរៀងទី៣ ជាមួយនឹងសំឡេងឆ្នោត ១៦,២ភាគរយ។ ការបោះឆ្នោត ដែលធ្វើឡើងនៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានក្លាយជាភាពចាំបាច់ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះ ៣គណបក្ស នៅមួយឆ្នាំមុនពេលចប់អាណត្តិអង្គនីតិបញ្ញត្តិ។
ជាមួយនឹងលទ្ធផលបោះឆ្នោតនេះ អាល្លឺម៉ង់ជាថ្មីម្តងទៀត មានឱកាសល្អបំផុត ក្នុងការបង្កើតរដ្ឋាភិបាលចេញពីក្រុមអ្នកនយោបាយកណ្ដាលនិយមដោយគ្មានឧបសគ្គធំដុំអ្វីឡើយ។ តែហានិភ័យ គឺថា ប្រសិនបើមិនមានវឌ្ឍនភាពយ៉ាងច្បាស់លាស់ លើបញ្ហាសំខាន់ៗ ក្នុងរយៈពេល ៤ឆ្នាំខាងមុខទេនោះ ក្រុមស្តាំនិយមជ្រុល AfD អាចទាក់ទាញការគាំទ្រកាន់តែខ្លាំងជាងនេះ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៩។
លោក Merz បានប្រាប់អ្នកគាំទ្រ នៅឯទីស្នាក់ការបក្ស Konrad Adenauer House ក្នុងទីក្រុងប៊ែរឡាំងថា «ខ្ញុំយល់ពីការទទួលខុសត្រូវ ហើយខ្ញុំយល់យ៉ាងច្បាស់លាស់នូវទំហំនៃភារកិច្ចដែលរង់ចាំនៅខាងមុខ»។
លោក Merz ត្រូវតែប្រមូលផ្តុំក្រុមចម្រុះដែលមានលទ្ធភាពទប់ទល់នឹងបញ្ហាទេសន្តរប្រវេសន៍ ធ្វើឲ្យមានភាពល្អប្រសើរឡើងវិញនូវសេដ្ឋកិច្ចដែលកំពុងជួបបញ្ហា ហើយសំខាន់បំផុតនោះ គឺបង្កើតយុទ្ធសាស្រ្ត ដើម្បីដោះស្រាយជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងវិធីមួយ ដែលមិនធ្វើឲ្យទាំងប្រទេសអាល្លឺម៉ង់ និងអឺរ៉ុបក្លាយជាទីតាំងភូមិសាស្រ្តនយោបាយងាយរងគ្រោះដោយសាររុស្ស៊ី៕