ការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់ ទាំងពីអ្នកគាំទ្រ និងប្រឆាំងការចោទប្រកាន់ទម្លាក់តំណែង លើប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានរីករាលដាលដល់បរិវេណសាកលវិទ្យាល័យ ដោយធ្វើឲ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរឡើងៗ ក្នុងចំណោមនិស្សិត និងបង្កើនការព្រួយបារម្ភ អំពីសន្តិសុខ ក្នុងបរិវេណសាលា។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ការប្រមូលផ្តុំគ្នា ដើម្បីគាំទ្រ និងប្រឆាំងការចោទប្រកាន់ទម្លាក់តំណែងលើលោក Yoon ត្រូវបានធ្វើឡើង ក្នុងពេលដំណាលគ្នា នៅសាកលវិទ្យាល័យកូរ៉េ (Korea Universit) បន្ទាប់ពីមានការតវ៉ាមុននេះ នៅសកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) និងសាកលវិទ្យាល័យ Yonsei។ សាកលវិទ្យាល័យទាំងនោះត្រូវបានគេចាត់ទុកថា ជាស្ថាប័នអប់រំធំៗជាងគេទាំង៣ នៅក្នុងប្រទេសនេះ។
ការប្រមូលផ្តុំនេះ បានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែពួកគេបានទាក់ទាញមិនត្រឹមតែនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកពាក់ព័ន្ធខាងក្រៅផងដែរ ដោយក្នុងនោះរួមទាំងអ្នកបង្កើតមាតិកាតាមយូធូប (YouTuber) ស្ថាប័ននយោបាយ និងសមាជិករបស់គណបក្សស្ដាំនិយមជ្រុល។

ជាមួយគ្នានេះ អ្នកគាំទ្រ និងប្រឆាំងនឹងការចោទប្រកាន់ទម្លាក់តំណែងនេះ បានប៉ះទង្គិចគ្នាទាំងផ្នែករាងកាយ និងពាក្យសំដីផងដែរ ដែលនាំឲ្យរថយន្តសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ យោងតាមការប៉ាន់ប្រមាណក្រៅផ្លូវការរបស់នគរបាល បាតុកម្មគាំទ្រការចោទប្រកាន់ បានទាក់ទាញអ្នកចូលរួមប្រហែល ១៦៥នាក់ ប៉ុន្តែមានតែប្រហែល ២០នាក់ប៉ុណ្ណោះ ជានិស្សិត។ ទន្ទឹមនឹងនេះ បាតុកម្មប្រឆាំង បានប្រមូលផ្តុំមនុស្សចំនួន ៣៤០នាក់ ដោយមាននិស្សិតតែ ២០នាក់ប៉ុណ្ណោះ។
បរិយាកាសតានតឹងនេះបានឆ្លុះបញ្ចាំងពីការប្រឈមមុខគ្នាដោយហិង្សាស្រដៀងគ្នា នៅសាកលវិទ្យាល័យជាតិសេអ៊ូល និងសាកលវិទ្យាល័យ Yonsei នៅក្នុងការប្រមូលផ្តុំគ្នាពីមុន ដោយជម្លោះពាក្យសំដី បានប្រែក្លាយទៅជាជម្លោះរាងកាយ ដែលបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ក្នុងបរិវេណសាលា។ ជាការឆ្លើយតប សាកលវិទ្យាល័យជាតិសេអ៊ូល បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងពិចារណាស្នើឲ្យនគរបាលចាត់វិធានការ ដើម្បីបំបែកការប្រមូលផ្តុំគ្នា នាពេលខាងមុខ ប្រសិនចំនួនកើនឡើងជាលំដាប់៕

