នៅមុនដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) នេះ មន្រ្តីបារាំង បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីបារាំងរូបនេះ នឹងប្រើប្រាស់ទំនាក់ទំនង «ពិសេស» របស់លោក ជាមួយលោក Donald Trump ដើម្បីធ្វើឲ្យមេដឹកនាំអាមេរិករូបនេះព្រមរួមបញ្ចូលអឺរ៉ុប នៅក្នុងការដោះស្រាយណាមួយនៃសង្រ្គាមអ៊ុយក្រែន។
លោក Macron នឹងធ្វើដំណើរទៅកាន់សេតវិមាន ក្នុងឱកាសខួបលើកទី៣ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងជំរុញឲ្យលោក Trump ពិចារណាពីសុវត្ថិភាពនៃសម្ព័ន្ធមិត្តរបស់អាមេរិក ខណៈដែលប្រធានាធិបតីអាមេរិក បានបង្កើតនូវសំណើដំណោះស្រាយ ដែលផ្ដល់ភាពចំណេញខ្លាំងដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវធ្វើដំណើរទៅតាមក្រោយ នៅចុងសប្តាហ៍នេះ។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X មុនពេលហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Macron បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈថា មេដឹកនាំអឺរ៉ុប «បានប្តេជ្ញាចិត្តក្នុងការធានាឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសអ៊ុយក្រែន តាមវិធីសាស្ត្រត្រឹមត្រូវ រឹងមាំ និងយូរអង្វែង ហើយសន្តិសុខរបស់អឺរ៉ុបត្រូវបានពង្រឹងតាមរយៈគ្រប់ការចរចា នាពេលខាងមុខ»។
គួរបញ្ជាក់ថា លោក Trump បានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងទ្វីបអឺរ៉ុប នៅពេលដែលលោកបានប្រកាសពីការត្រៀមខ្លួន ក្នុងការបន្តទំនាក់ទំនងការទូតជាមួយលោក Putin និងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយគ្មានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប និងអ៊ុយក្រែន៕