ប្រទេសកូរ៉េខាងជើង កំពុងបង្ហាញពីសញ្ញានៃការបញ្ចូលកម្មវិធីបច្ចេកវិទ្យា ChatGPT ទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដោយនេះកំពុងបន្ថែមការព្រួយបារម្ភ ដែលថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចត្រូវបានប្រើប្រាស់ ដើម្បីជំរុញដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសឯកោប្រកាន់របបផ្ដាច់ការមួយនេះ។
រូបភាពជាវីដេអូដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈដោយបណ្តាញផ្សព្វផ្សាយក្រៅប្រទេសកូរ៉េខាងជើង បានបង្ហាញឲ្យឃើញបញ្ញវន្តនៅកូរ៉េខាងជើង កំពុងសិក្សាអំពីកម្មវិធី ChatGPT ដែលជាបច្ចេកវិទ្យា AI Chatbot បង្កើតដោយស្ថាប័នស្រាវជ្រាវ AI របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន OpenAI។
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Voice of Korea បានបង្ហាញឲ្យឃើញសមាជិកនៃវិទ្យាស្ថានស្រាវជ្រាវ AI នៅសាកលវិទ្យាល័យ Kim Il Sung ដែលជាស្ថាប័នឧត្តមសិក្សាធំជាងគេរបស់កូរ៉េខាងជើង ប្រើប្រាស់កម្មវិធីមួយដែលមានឈ្មោះថា GPT-4 Real Case ដើម្បីសរសេរលើកុំព្យូទ័ររបស់ពួកគេ។ កម្មវិធីនេះ បានបង្ហាញពីរបៀបដែលបច្ចេកវិទ្យា ChatGPT ផលិតអត្ថបទឆ្លើយតបទៅនឹងការបញ្ចូលរបស់អ្នកប្រើប្រាស់។
យ៉ាងណាក្ដី ខណៈដែលលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតជាទូទៅមិនអាចធ្វើទៅបាន នៅកូរ៉េខាងជើង ដោយពលរដ្ឋខ្លះអាចចូលប្រើបានតែប្រព័ន្ធអ៊ីនត្រាណិតជាតិរបស់ប្រទេសនេះប៉ុណ្ណោះ ដែលមានឈ្មោះថា Kwangmyong គេមិនទាន់ដឹងនៅឡើយទេថា តើអ្នកស្រាវជ្រាវបានចូលប្រើគេហទំព័រ ChatGPT ពិតប្រាកដមែន ឬយ៉ាងណា។
ហើយអ្វីដែលសំខាន់នោះ គឺថា សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Voice of Korea បានកើតឡើងភ្លាមៗបន្ទាប់ពីការសម្រេចរបស់ក្រុមហ៊ុន OpenAI ក្នុងការដាក់បម្រាមលើគណនីអ្នកប្រើប្រាស់ពីកូរ៉េខាងជើង៕


