ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ប្លុកនេះត្រូវតែគាំទ្រអ៊ុយក្រែនឲ្យបានខ្លាំងបន្ថែមទៀតជាងពេលណាៗទាំងអស់ ខណៈដែលសមាជិកបានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី មុនពេលមានកិច្ចប្រជុំភ្លាមៗជាបន្តបន្ទាប់ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) គីវ (អ៊ុយក្រែន) និងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា មន្ត្រីអឺរ៉ុបត្រូវបានធ្វើឲ្យភ្ញាក់ផ្អើល ដោយសារការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការជួបពិភាក្សាជាមួយរុស្ស៊ី ដោយរំលងទាំងទីក្រុងគីវ និងអឺរ៉ុប។
នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU នៅទីក្រុងប្រ៊ុចសែល ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas បាននិយាយថា៖ «យើងត្រូវតែគាំទ្រអ៊ុយក្រែនបន្ថែមទៀត នាពេលនេះ ពោលគឺឲ្យបានកាន់តែខ្លាំងជាងពេលណាៗទាំងអស់»។
កញ្ចប់ទណ្ឌកម្មទី១៦ លើរុស្ស៊ី ដែលរដ្ឋមន្ត្រីបានព្រមព្រៀងគ្នា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ រួមមានការហាមឃាត់លើការនាំចូលសារធាតុអាលុយមីញ៉ូមដើម និងការលក់ឧបករណ៍ហ្គេម ក៏ដូចជាការចុះបញ្ជីម្ចាស់ និងប្រតិបត្តិករនៃអ្វីដែលគេហៅថា កងនាវាស្រមោលចំនួន ៧៤គ្រឿង ដែលត្រូវបានប្រើប្រាស់ ដើម្បីគេចពីទណ្ឌកម្ម។
ទន្ទឹមនឹងនេះ មេដឹកនាំ និងរដ្ឋមន្ត្រី EU មួយចំនួន នឹងមានវត្តមាននៅទីក្រុងគីវ នាថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីប្រារព្ធខួបលើកទី ៣ឆ្នាំ នៃការលុកលុយរបស់រុស្ស៊ី ខណៈដែលមេដឹកនាំបារាំង និងអង់គ្លេស កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោក Trump៕