ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់ពង្រាយទាហានសហរដ្ឋអាមេរិកនៅអ៊ុយក្រែន គឺសមហេតុសមផល បើសិនជាកិច្ចព្រមព្រៀងរ៉ែរវាងប្រទេសទាំង ២ ត្រូវបានធ្វើឡើងជាការធានាដល់សន្តិសុខទីក្រុងគីវ ។
លោកថា ប៉ុន្តែកិច្ចព្រមព្រៀងមិនអាចដំណើរការទៅបានឡើយ បើសិនជាពួកគេសុំឲ្យអ៊ុយក្រែន ប្រគល់មកវិញនូវតម្លៃជំនួយដែលបានផ្តល់ជូនដោយទីក្រុងវ៉ាស៊ីនតោន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា អ៊ុយក្រែនគួរផ្តល់ឲ្យសហរដ្ឋអាមេរិក ៥០០ពាន់លានដុល្លារ នៅក្នុងវត្ថុធាតុដើមសំខាន់ៗរបស់ពួកគេ ជាការសងវិញនូវជំនួយដែលទីក្រុងគីវទទួលបានពីរដ្ឋបាលមុនរបស់លោក Joe Biden ។
លោក Zelenskiy បានបដិសេធន៍មិនព្រមចុះហត្ថលេខាលើសំណើសម្អិតរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលគេមើលឃើញទីក្រុងវ៉ាស៊ីនតោនទទួលបានរ៉ែសំខាន់ៗចំនួន ៥០ភាគរយរបស់អ៊ុយក្រែន រួមទាំងរ៉ែក្រាហ្វិច អ៊ុយរ៉ាញ៉ូម ទីតានីញ៉ូម និងលីចូម គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយរថយន្តអគ្គិសនី ។
លោកនិយាយថា លោកចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែវាគួរតែប្រគល់មកវិញនូការធានាសន្តិសុខជូនអ៊ុយក្រែន ។
លោក Zelenskiy និយាយពីកិច្ចព្រមព្រៀងរ៉ែថា លោកនឹងមិនចុះហត្ថលេខាលើអ្វីដែល
ពលរដ្ឋអ៊ុយក្រែន ១០ជំនាន់ ពុំទទួលបានការតបស្នងនោះទេ ។
លោក Zelenskiy បាននិយាយផងដែរថា ជំនួយយោធា ១៥ពាន់លានដុល្លារដែលអាមេរិកសន្យាផ្តល់ជូនលើកមុន ពុំទាន់ទទួលបាននៅឡើយទេ ។
ប្រេសិតពិសេសរបស់លោក Trump លោក Steve Witkoff និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេរំពឹងថា កិច្ចព្រមព្រៀងរ៉ែនឹងត្រូវចុះហត្ថលេខាក្នុងសប្តាហ៍នេះ ដើម្បីអនុញ្ញាត ឲ្យសហរដ្ឋអាមេរិកចូលដល់តំបន់រ៉ែសំខាន់ៗរបស់អ៊ុយក្រែន ៕