កំពត ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ខេត្តកំពតទទួលភ្ញៀវទេសចរបានប្រមាណជាង៨ម៉ឺននាក់ ខណៈកងកម្លាំងសមត្ថកិច្ចជាង៥០០នាក់ បានដាក់ប្រចាំការនៅគ្រប់គោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែត ប្រទីប ភ្ញៀវជិតឆ្ងាយចូលមកលម្ហែ និងសម្រាកកម្សាន្ត ក្នុងខេត្តកំពត មានចំនួន ៨៣.៤៦៦នាក់ ស្មើនឹង៧០,៦១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្នុងចំណោមនោះ ទេសចរជាតិមាន៨៣.២២១នាក់ កើនឡើង៧១,៣១ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន២៥៥នាក់ ថយចុះ២៦,៣០ភាគរយ។ មន្ត្រីការងាររបស់មន្ទីរទេសចរណ៍៤ក្រុម បានចុះសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធដើម្បីពង្រឹងការអនុវត្តសុវត្ថិភាពទេសចរណ៍ ព្រមទាំងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មទេសចរណ៍។ ជាការកត់សម្គាល់ ភ្ញៀវទេសចរស្ទើរតែមួយរយភាគរយបានដាក់ប័ណ្ណចាក់វ៉ាក់សាំងតាមខ្លួន។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទាំង៣ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តបានដាក់កម្លាំងតាមគោលដៅសំខាន់ៗ ចំនួន៤៥០នាក់។ ជាមួយនោះ កម្លាំងកងរាជអាវុធហត្ថខេត្តបានចូលរួមសហការចំនួន១៣៩នាក់ផងដែរ៕
អត្ថបទ ៖ សារីម