រូបភាពវីដេអូឃ្លីបពីមូលនិធិកុមារអន្តរជាតិ(UNICEF) ឃើញរថយន្តរងការជន់លិច ហើយអ្នកស្រុកដើរលុកទឹកតាមផ្លូវជន់លិចនៅប្រទេសបុតស្វាណា ពេលដែលទឹកជំនន់ដ៏គំហក់សម្លាប់មនុស្ស ៧នាក់ រួមទាំងកុមារ ៣នាក់ផងដែរ និងមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួននៅទូទាំងប្រទេស ។
ក្រុមអាជ្ញាធរ បានបិទសាលារៀនបណ្តោះអាសន្ន និងបិទផ្លូវ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាង ១សប្តាហ៍ ។
ប្រធានាធិបតីបុតស្វាណា លោក Duma Boko បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមអាជ្ញាធរបុតស្វាណា នឹងបន្តធ្វើការក្នុងរយៈពេលខ្លី ដើម្បីកាត់បន្ថយការខាតបង់បន្ថែមទៀត ខណៈមនុស្សជាង ១.៧០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងគ្រោះដោយទឹកជំនន់។
នៅក្នុងរដ្ឋធានី Gaborone ជាទីដែលទំនប់ទឹកក្នុងតំបន់បានជន់លិច រថយន្តត្រូវបានទឹកហូរនាំទៅឆ្ងាយ ហើយលំនៅឋានបានលិចលង់ ខណៈបុគ្គលិកសង្គ្រោះបន្ទាន់បានត្រៀមទប់ទល់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា ការរំដោះទឹកមិនគ្រប់គ្រាន់នៅក្នុងតំបន់ទីក្រុង អាចរួមចំណែកដល់ទឹកជន់ហួសកម្រិតនៅតំបន់វាលទំនាប ដែលរងគ្រោះខ្លាំងជាងគេ ៕