កាលពីថ្ងៃអាទិត្យម្សិលមិញ អ៊ីស្រាអែល បានដាក់ពង្រាយរថក្រោះទៅភាគខាងជើងតំបន់កាន់កាប់វ៉េសប៊ែង ដែលជាការដាក់ពង្រាយរថក្រោះជាលើកដំបូងទៅកាន់តំបន់នោះ ក្នុងរយៈពេលជាង ២០ឆ្នាំ ។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយថា លោកបានបញ្ជាឲ្យកងកម្លាំងយោធាបង្កើនប្រតិបត្តិការនៅជំរំជនភៀសខ្លួនប៉ាឡេស្ទីន Jenin, Tulkarem និង Nur al-Shams ស្ថិតនៅភាគខាងជើងតំបន់វ៉េសប៊ែង ដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធក្រុមជីវពល ។ លោកថា ជនប៉ាឡេស្ទីន ៤ម៉ឺននាក់ បានចាកចេញពីជំរំទាំងអស់នោះ ។
សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែលបន្តថា រថក្រោះត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Jenin គឺជាផ្នែកមួយនៃការវាយលុករបស់ពួកគេ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានណែនាំឲ្យយោធាចុះប្រតិបត្តិការដ៏ខ្លាំងក្លា នៅតំបន់វ៉េសប៊ែង បន្ទាប់ពីការផ្ទុះរថយន្តក្រុងជាច្រើនគ្រឿងនៅទីក្រុងតែល អាវីវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺជាអ្វីដែលការិយាល័យរបស់លោក Netanyahu ចាត់ទុកថាជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំ ។ គ្មានគ្រោះថ្នាក់ត្រូវបានរាយការណ៍នោះទេ ។
សូមបញ្ជាក់ថា យោធាអ៊ីស្រាអែល បានចុះប្រតិបត្តិការសឹកទ្រង់ទ្រាយធំនៅតំបន់វ៉េសប៊ែង អស់រយៈពេលជាង ១ខែមកហើយដែលពួកគេនិយាយថា មានគោលដៅលើក្រុមជីវពល ។
ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានបង្ចំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅជំរំតំបន់វ៉េសប៊ែង ខណៈផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកម្ទេចចោលដោយយោធាអ៊ីស្រាអែល ៕