នគរបាលនិយាយកាលពីថ្ងៃអាទិត្យថា នគរបាលអេស្ប៉ាញ បានបង្រ្កាបក្រុមជួញដូរផ្លូវភេទដែលបានល្បួងនារីជាង ១ពាន់នាក់ មកកាន់ប្រទេសអេស្ប៉ាញក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ជាមួយនឹងការផ្តល់ឱកាសការងារមិនពិតប្រាកដ មុនពេលបង្ខំឲ្យពួកគេធ្វើការបម្រើផ្លូវភេទ ។
ទីតាំង និងកាលបរិច្ឆេតរបស់រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយនគរបាល ពុំត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ។
នគបាលជាតិអេស្ប៉ាញ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នារីដែលភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី ត្រូវបានគេនិយាយប្រាប់ថា ពួកគេនឹងត្រូវធ្វើការនៅក្នុងផ្នែកសម្អាត និងសំអាងការ ។
នគរបាលនិយាយថា ពេលមកដល់ប្រទេសអេស្ប៉ាញ នារីទាំងអស់នេះ ត្រូវបានបញ្ជូនទៅកាន់ក្លិបរាត្រី ជាទីដែលពួកគេត្រូវបានជួញដូរផ្លូវភេទ និងបង្ខំឲ្យធ្វើការគ្រប់ម៉ោង ។ ពួកគេត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅត្រឹមរយៈពេល ២ម៉ោងប៉ុណ្ណោះ ក្នុង ១ថ្ងៃ ហើយត្រូវបានឃ្លាំមើលដោយកាមេរ៉ាសុវត្ថិភាព ។
មេខ្លោងរងការចោទប្រកាន់ ៣នាក់ គឺជាស្រ្តីជនជាតិកូឡុំប៊ី ២នាក់ និងស្រ្តីជនជាតិអេស្ប៉ាញម្នាក់ ស្ថិតក្នុងចំណោមជងសង្ស័យ ៤៨នាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងការវាយឆ្មក់នៅទីក្រុង Alicante និងទីក្រុង Murcia ស្ថិតនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ ហើយក្លិបរាត្រី ៣កន្លែង ត្រូវបានបិទ ជាផ្នែកមួយនៃប្រតិបត្តិការនេះ ៕