សង្រ្គាមនៅអ៊ុយក្រែនដែលរុស្ស៊ី បានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយពេញលេញកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានឈានដល់ខួបលើកទី ៣នៅថ្ងៃចុន្ទនេះ ប៉ុន្តែទីក្រុងគីវនៅតែរឹងទទឹងដដែល ។
ជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់នៅក្នុងសង្រ្គាមមួយនេះ ដែលភាគច្រើននៃពួកគេគឺជាជនជាតិអ៊ុយក្រែន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបរិហារប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថាជនផ្តាច់ការ ហើយលោកបានព្រមានចាត់វិធានការភ្លាមៗ ដើម្បីទទួលបានសន្តិភាពជាមួយរុស្ស៊ី បើមិនដូច្នោះទេគាត់នឹងបាត់បង់ប្រទេសអ៊ុយក្រែន ។
ការផ្លាស់ប្តូរជំហរពីសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រសំខាន់បំផុតរបស់អ៊ុយក្រែន បានធ្វើឲ្យក្រុមមន្រ្តីអឺរ៉ុបមានការព្រួយបារម្ភជាខ្លាំង និងបង្កឲ្យមានក្តីកង្វល់ថា ទីក្រុងគីវ អាចនឹងបង្ខំយល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលលំអៀងទៅខាងលោក Putin ៕