រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួគីកាលពីថ្ងៃចន្ទ បាននិយាយថា ទីក្រុងអង់ការ៉ា បានគាំទ្រគំនិតផ្តួច ផ្តើមរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សា គួរតែមានការចូលរួមពីភាគីជម្លោះទាំងពីរ។
ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចសន្ទនាដោយផ្ទាល់មួយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងបរិបទនៃការចុះសម្រុងគ្នារវាងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
រដ្ឋមន្ត្រីការបរទេសលោក Hakan Fidan បានប្រាប់សន្និសីទសារព័ត៌មាន ជាមួយសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) ក្នុងទីក្រុងអង់ការ៉ាថា ។ «យើងភ្ជាប់សារៈសំខាន់យ៉ាងខ្លាំង ទៅនឹងគំនិតផ្តួចផ្តើមថ្មីរបស់សហរដ្ឋអាមេរិក ដែលជាវិធីសាស្រ្តតម្រង់ទិសលទ្ធផល។ យើងជឿជាក់ថា ដំណោះស្រាយអាចសម្រេចបាន តាមរយៈការចរចាដែលភាគីទាំងពីរ ចូលរួម»។
ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ធ្វើឡើង ក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ្ល៉ឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បានធ្វើដំណើរ ទៅកាន់រដ្ឋធានីនប្រទេសទួរគី។
លោក ឡាវរ៉ូវ បាននិយាយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា អំពីសង្រ្គាមអ៊ុយក្រែន ប៉ុន្តែនឹងបញ្ឈប់ការប្រយុទ្ធគ្នា នៅពេលដែលដំណោះស្រាយសន្តិភាព «សាកសម» នឹងទីក្រុងមូស្គូ។
លោកបានបន្តថា៖ «យើងនឹងបញ្ឈប់អរិភាព នៅពេលដែលការចរចាទាំងនេះ បង្កើតបានលទ្ធផលរឹងមាំនិងនិរន្តរភាព ដែលស័ក្តិសមនឹងសហព័ន្ធរុស្ស៊ី»។