នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) នេះ នាយករដ្ឋមន្ត្រីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រាប់កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថា មនុស្សប្រមាណជា ៧.០០០នាក់ បានបាត់បង់ជីវិត ចាប់តាំងពីខែមករាមក អំឡុងការប្រយុទ្ធគ្នា នៅភាគខាងកើតរបស់ប្រទេស។
ហើយជាមួយគ្នានេះ លោកស្រី Judith Suminwa Tuluka បានបន្ថែមថា មនុស្សប្រមាណជា ៤៥០.០០០នាក់ គ្មានទីជម្រក បន្ទាប់ពីជំរុំជនភៀសខ្លួនចំនួន ៩០កន្លែង ត្រូវបានបំផ្លាញ។
សូមបញ្ជាក់ថា ការរុលទៅមុខរបស់ក្រុមឧទ្ទាម M23 គឺជាការកើនឡើងនូវអំពើហិង្សាយ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់រយៈពេលជាង ១ទសវត្សរ៍នៃជម្លោះដ៏រ៉ាំរ៉ៃ នៅភាគខាងកើតកុងហ្គោ។
ប្រទេសរ៉្វាន់ដាច្រានចោលការចោទប្រកាន់ពីប្រទេសកុងហ្គោ អង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិច ដែលថា ខ្លួនគាំទ្រក្រុម M23 ដោយការផ្ដល់អាវុធ និងកម្លាំងទ័ព៕



