នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) នេះ បាននិយាយថា ក្រុមប្រទេសអ្នកមានទាំង៧ (G7) គួរតែមានឆន្ទៈក្នុងការហ៊ានទទួលយកហានិភ័យបន្ថែមទៀត ទាក់ទងនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន។
ដោយនិយាយតាមរយៈវីដេអូតំណភ្ជាប់ទៅកាន់កិច្ចប្រជុំអន្តរជាតិដែលធ្វើឡើង នៅថ្ងៃខួប ៣ឆ្នាំនៃការលុកលុយរបស់រុស្ស៊ី លោក Starmer បានលើកឡើងថា៖ «ខ្ញុំច្បាស់ណាស់ថា G7 គួរតែត្រៀមខ្លួនទទួលយកហានិភ័យបន្ថែមទៀត នៅពេលដាក់ទណ្ឌកម្មផ្សេងៗលើរុស្ស៊ី ក្នុងនោះរួមទាំងការកម្រិតតម្លៃប្រេង ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង និងការកំណត់គោលដៅលើធនាគារដែលអាចគេចវេះពីការដាក់ទណ្ឌកម្ម»។
ជាមួយគ្នានេះ លោក Starmer ក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេសនឹងប្រកាសកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្នុងនោះរួមទាំងការមានវិធានការបន្ថែមទៀត ប្រឆាំងនឹងនាវា ដែលត្រូវបានប្រើប្រាស់ ដើម្បីជួយរុស្ស៊ីគេចពីទណ្ឌកម្ម និងកំណត់គោលដៅលើក្រុមហ៊ុន នៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតដែលផ្គត់ផ្គង់សមាសធាតុផ្សំផ្នែកយោធា។
តែយ៉ាងណាក្ដី ព័ត៌មានលម្អិតទាំងស្រុងនៃទណ្ឌកម្មនេះ មិនទាន់ត្រូវបានរដ្ឋាភិបាលចុះផ្សាយនៅឡើយទេ។ មុននេះ ចក្រភពអង់គ្លេសបានឲ្យដឹងថា ខ្លួននឹងហាមប្រាមមិនឲ្យចូលប្រទេស ចំពោះបុគ្គលដែលផ្តល់ការគាំទ្រយ៉ាងសំខាន់ ឬការព្រមឲ្យខ្ចីនូវទ្រព្យសម្បត្តិរបស់ពួកគេដល់រុស្ស៊ី៕