ព្រិលធ្លាក់យ៉ាងក្រាស់ បានវាយប្រហារប្រទេសជប៉ុនម្តងទៀតនៅថ្ងៃចន្ទនេះ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនដូចជាទីក្រុង Osaka ដែលជាតំបន់ទីក្រុងរណបធំបំផុតទី ២របស់ប្រទេសមួយនេះ ។
ទូរទស្សន៍រដ្ឋជប៉ុន NHK រាយការណ៍ដោយដកស្រង់ប្រភពពីទីភ្នាក់ងារឧតុនិយមជប៉ុនថា ខ្យល់ត្រជាក់បោកបក់យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់តំបន់ Tohoku, Hokuriku និងតំបន់ Chugoku នៅតាមមាត់សមុទ្រជប៉ុន ។
យោងតាមសេចក្តីរាយការណ៍ពី NHKបានឲ្យដឹងថា ផ្នែកមួយចំនួននៃខេត្ត Niigata ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន រកឃើញមានព្រិលធ្លាក់កម្រាស់ច្រើនបំផុត ៣៨៧សង់ទីម៉ែត្រ គិតត្រឹមវេលាម៉ោង ៧យប់ ម៉ោងក្នុងស្រុក ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ទីក្រុងជាច្រើននៅក្នុងប្រទេសជប៉ុន បានមើលឃើញព្រិលធ្លាក់ជាប់កំណត់ត្រាផងដែរក្នុងខែនេះ បណ្តាលឲ្យមានការអាក់ខានដល់ការធ្វើចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយជីវិតមនុស្ស ៕