រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃចន្ទនេះថា គោលជំហរសហរដ្ឋអាមេរិកលើសង្រ្គាមអ៊ុយក្រែននឹងនរ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងបណ្តាប្រទេសនៅអឺរ៉ុប បន្តផ្លាស់ប្តូរគោលជំហររបស់ពួកគេ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីទួរគីលោក Hakan Fidan លោក Sergei Lavrov និយាយថា សហរដ្ឋអាមេរិក ពុំបានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ ដោយគ្មានលក្ខខណ្ឌនោះទេ ហើយវាក៏មិនស័ក្តិសមសម្រាប់ទីក្រុងម៉ូស្គូនោះដែរ ។
ដោយឡែក លោក Fidan និយាយថា ទួរគីត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការគាំទ្រចាំបាច់ទាំងអស់ ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព តាមរយៈកិច្ចចរចា ហើយទួរគីអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំផងដែរ ។
លោកបន្តថា ទីក្រុងអង់ការ៉ា នឹងបន្តផងដែរកិច្ចខិតខំ ដើម្បីបង្កើតច្រកសុវត្ថិភាពធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ ។
អ៊ុយក្រែនដែលឈានចូលដល់ឆ្នាំទី ៤នៃសង្រ្គាមពេញលេញជាមួយរុស្ស៊ីនៅថ្ងៃចន្ទនេះនោះ លែងអាចពឹងពាក់សហរដ្ឋអាមេរិកទៀតហើយដែលធ្លាប់សម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន ខណៈដែលទាហានអស់កម្លាំងរបស់ពួកគេ ព្យាយាមប្រយុទ្ធទប់ទល់ការរុលចូលឥតស្រាកស្រាន្តរបស់សត្រូវរុស្ស៊ី ៕