នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយនៅក្នុងទីក្រុងគីវនាថ្ងៃចន្ទនេះ អំឡុងជំនួបអន្តរជាតិដែលរៀបចំឡើងនៅខួប ៣ឆ្នាំនៃការវាយលុករបស់រុស្ស៊ីថា អេស្ប៉ាញនឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនចំនួនទឹកកប្រាក់ ១ពាន់លានអឺរ៉ូ(ស្មើនឹង ១,០៥ពាន់លានដុល្លារ) ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Sanchez បានឲ្យដឹងថា កញ្ចប់ជំនួយនេះ បានកើតមាន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារ និងសន្តិសុខទ្វេភាគីរយៈពេល ១០ឆ្នាំដែលបានចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ ២០២៤ ។ កាលពីឆ្នាំមុន ទីក្រុង Madrid បានផ្តល់ជំនួយ ១ពាន់លានអឺរ៉ូរួចទៅហើយសម្រាប់ការការពាររបស់អ៊ុយក្រែន ។
លោក Sanchez បាននិយាយប្រាប់ក្រុមមេដឹកនាំនៅកិច្ចប្រជុំអន្តរជាតិថា ពួកយើងនឹងបន្តគាំទ្រអ៊ុយក្រែន ដរាបណាវានៅចាំបាច់ ដោយលោកបានធ្វើការសង្កត់ធ្ងន់ពីតម្រូវការទាំងសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងសហភាពអឺរ៉ុប ដើម្បីរួមចំណែកនៅក្នុងកិច្ចប្រជុំសន្តិភាពណាមួយជាមួយទីក្រុងម៉ូស្គូ ។
ខុសពីកិច្ចខិតខំអស់រយៈពេល ៣ឆ្នាំរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើបាបរុស្ស៊ី និងធ្វើឲ្យទីក្រុងម៉ូស្គូឯកា ក្រោមរដ្ឋបាលរបស់លោក Joe Bidenនោះ លោកប្រធានាធិបតី Donald Trump បានងាកមកភ្លាមៗ ដើម្បីជួសជុលទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប មានការព្រួយបារម្ភថា កិច្ចព្រមព្រៀងឆាប់រហ័សរបស់លោក Putin និងលោក Trump នឹងគ្មានវត្តមានពួកគេ ហើយនិងធ្វើឲ្យអន្តរាយដល់សន្តិសុខរបស់ពួកគេទៀតផង ៕