ទីក្រុងគីវ នៅថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងធ្វើការលម្អិតលើកិច្ចព្រមព្រៀង ដែលនឹងឲ្យទីក្រុងវ៉ាស៊ីនតោនទទួលបានធនធានធម្មជាតិរបស់អ៊ុយក្រែន ជាថ្នូរនឹងការគាំទ្រពីសហរដ្ឋអាមេរិក។
ការចរចាបានបង្កឲ្យមានភាពតានតឹងជាមួយមន្ត្រីអាមេរិក ដែលដាក់សម្ពាធលើអ៊ុយក្រែនឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើទោះបីជាទីក្រុងគីវ ទទូចថា សេចក្តីព្រាងដំបូងនោះ ខ្វះការធានាសន្តិសុខដ៏សំខាន់ក៏ដោយ។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Olga Stefanishyna បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចា ដែលទាក់ទងនឹងកិច្ចព្រមព្រៀងធនធានរ៉ែ។ ការពិភាក្សាបានដំណើរការទៅប្រកបដោយភាពវិជ្ជមាន ដោយស្ទើរតែបានបញ្ចប់នូវសេចក្ដីលម្អិតសំខាន់ៗហើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុតក្រែន លោក Volodymyr Zelenskyy បានលើកឡើងថា លោកមានបំណងទទួលបានការធានាសន្តិសុខជាក់ស្តែងពីសហរដ្ឋអាមេរិក ជាថ្នូរនឹងការផ្តល់ឲ្យទីក្រុងវ៉ាស៊ីនតោននូវលទ្ធភាពទទួលបានធនធានសំខាន់ៗ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឲ្យអ៊ុយក្រែនផ្តល់លទ្ធភាពឲ្យទទួលបាននូវធនាធានរ៉ែកម្រ ដើម្បីផ្តល់សំណងដល់ជំនួយ ក្នុងសម័យសង្រ្គាម ដែលទីក្រុងគីវ ទទួលបានក្រោមការដឹកនាំរបស់លោក Joe Biden៕