ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា អ្នកដែលអាចក្លាយជាអធិការបតីបន្ទាប់របស់អាល្លឺម៉ង់ គឺលោក Friedrich Merz បានប្រាប់មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu ថា លោកនឹងត្រូវបានអញ្ជើញទៅប្រទេសអាល្លឺម៉ង់ ដែលនេះជាការផ្គើននឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា អំឡុងការជជែកគ្នាតាមទូរសព្ទ បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោក Merz បានទទួលសំឡេងឆ្នោតច្រើនជាងគេ នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកុម្ភៈ) លោក Netanyahu បានសម្ដែងការអបអរសាទរដល់អ្នកនយោបាយអាល្លឺម៉ង់។
ការិយាល័យបានបន្ថែមថា លោក Merz បានប្រាប់លោក Netanyahu ថា រូបលោកនឹងត្រូវបានបអញ្ជើញឲ្យទៅប្រទេសអាល្លឺម៉ង់ «ដោយផ្គើននឹងការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលដាក់ឈ្មោះលោកនាយករដ្ឋមន្រ្តីថា ជាឧក្រិដ្ឋជនសង្គ្រាម»។
អ្នកនាំពាក្យគណបក្សអភិរក្ស CDU របស់លោក Merz បានបញ្ជាក់ថា ឥស្សរជនទាំង២ បានសន្ទនាគ្នាតាមទូរសព្ទពិតមែន ក្រោយការបោះឆ្នោត ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញខ្លឹមសារនៃការជជែកគ្នានោះ៕