ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកែតម្រូវប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ បន្ទាប់ពីលោក Trump បាននិយាយថាសហភាពអឺរ៉ុប នឹងទទួលប្រាក់របស់ខ្លួនមកវិញពីអ៊ុយក្រែន។

មេដឹកនាំទាំងពីរ បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលជំនួបមួយនៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី ដែលនៅពេលនោះ លោក Trump បាននិយាយថា អឺរ៉ុបកំពុងផ្តល់ប្រាក់កម្ចីដល់ប្រទេសអ៊ុយក្រែន។

លោក Macron បាននិយាយថា «ទេ និយាយតាមពិតទៅ ពួកយើងបានចំណាយប្រាក់ចំនួន៦០ភាគរយនៃកិច្ចខិតខំប្រឹងប្រែងសរុប ហើយវាគឺជាប្រាក់កម្ចី ធានា និងជំនួយឥតសំណង ហើយយើងផ្តល់ប្រាក់ពិតប្រាកដ។ យើងមានទ្រព្យសកម្មបង្កកចំនួន២៣០ពាន់លានអឺរ៉ូនៅអឺរ៉ុប ជាទ្រព្យសកម្មរបស់រុស្ស៊ី ប៉ុន្តែវាពុំមែនជាទ្រព្យធានានៃប្រាក់កម្ចីនោះទេ ព្រោះវាពុំមែនជាកម្មសិទ្ធិរបស់យើង វាជាប្រាក់ត្រូវបានបង្កក។
លោក Trump និងក្រុមការងាររបស់លោកបាននឹងកំពុងចរចាស្តីពីកិច្ចព្រមព្រៀងបែងចែកប្រាក់ចំណូល រ៉ែជាមួយអ៊ុយក្រែន ដើម្បីយកមកវិញនូវប្រាក់មួយចំនួនដែលរដ្ឋបាលរបស់លោកBiden កាលពីពេលមុន បានបញ្ជូនទៅឲ្យទីក្រុង Kyiv ក្នុងទម្រង់ជាសព្វាវុធដើម្បីវាយរុញច្រានរុស្ស៊ី។