ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានបញ្ជាក់ជាថ្មីម្ដងទៀតពីភាពជាដៃគូ "គ្មានដែនកំណត់" របស់លោក នៅក្នុងការហៅទូរសព្ទជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃចន្ទ (២៤ កុម្ភៈ) នៅក្នុងខួបលើកទីបីនៃប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន។

មេដឹកនាំទាំងពីររូបបានធ្វើកិច្ចពិភាក្សានេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងតែជំរុញឱ្យមានកិច្ចព្រមព្រៀងឆាប់រហ័សមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយបង្កើនក្ដីរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោន អាចធ្វើឱ្យមានភាពរកាំរកូសរវាងលោក Xi និងលោក Putin ហើយផ្ដោតលើការប្រកួតប្រជែងជាមួយប្រទេសសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោកមួយនេះ។

ជំនួបតាមទូរសព្ទនេះហាក់ដូចជាមានគោលបំណងលុបបំបាត់ការរំពឹងទុកទាំងនោះ ខណៈមេដឹកនាំទាំងពីររូបបានគូសបញ្ជាក់ពីសម្ព័ន្ធភាព "យូរអង្វែង និងរយៈពេលវែង" រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ជាមួយនឹង "ទំនាក់ទំនងផ្ទៃក្នុងយ៉ាងជិតស្និទ្ធ" ដែលមិនអាចត្រូវបានប៉ះពាល់ ឬបំផ្លាញដោយ "ភាគីទីបី" ណាមួយឡើយ។

កិច្ចពិភាក្សាតាមទូរសព្ទនេះគឺជាលើកទីពីរហើយសម្រាប់លោក Xi និងលោក Putin ដែលបានធ្វើក្នុងឆ្នាំនេះ បន្ទាប់ពីមេដឹកនាំទាំងពីរជជែកពិភាក្សាលើមធ្យោបាយកសាងចំណងទំនាក់ទំនងជាមួយលោក Trump កាលពីខែមករា។ គួររម្លឹកថា ចិន និងរុស្ស៊ី បានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្ត "គ្មានដែនកំណត់" កាលពីឆ្នាំ២០២២ ហើយលោក Xi បានជួបជាមួយលោក Putin ជាង ៤០ដងរួចទៅហើយកាលពីមុន ខណៈមេដឹកនាំរុស្ស៊ី ក្នុងប៉ុន្មានខែថ្មីៗនេះ បានពណ៌នាចិន ថាជា "សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ"៕