ប្រធានាធិបតីហ្វាំងឡង់ បានព្រមានកាលពីថ្ងៃចន្ទ (២៤ កុម្ភៈ) ថា សហរដ្ឋអាមេរិកនឹងចាញ់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសរុស្ស៊ី ឈ្នះសង្គ្រាមនៅអ៊ុយក្រែន ខណៈការភ័យខ្លាចកើនឡើងកាន់តែខ្លាំងនៅក្នុងទ្វីបអឺរ៉ុប អំពីចេតនារបស់លោកប្រធានាធិបតី Donald Trump ដែលកំពុងងាកទៅរួសរាយដាក់ទីក្រុងមូស្គូ បន្ទាប់ពីរយៈពេលបីឆ្នាំក្នុងជម្លោះដ៏បង្ហូរឈាមនៅអ៊ុយក្រែន។

លោកប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីអ៊ុយក្រែនថា "សង្រ្គាមនៅអ៊ុយក្រែន មិនត្រឹមតែអំពីឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនប៉ុណ្ណោះទេ តែសង្រ្គាមនេះគឺអំពីសន្តិសុខអឺរ៉ុប ហើយនិងបង្ហាញពីការដឹកនាំរបស់អាមេរិក" ដោយបង្ហើបថា បើអ៊ុយក្រែនចាញ់ នោះទីក្រុងវ៉ាស៊ីនតោន កាន់តែចាញ់យ៉ាងអាម៉ាសថែមទៀត។

លោក Stubb បានលើកឡើងបែបនេះនៅខាងក្រៅព្រឹត្តិការណ៍មួយ ដែលមានការចូលរួមដោយមេដឹកនាំបរទេសជាច្រើន ដើម្បីរំលឹកខួបបីឆ្នាំ ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាលើប្រទេសជិតខាងរបស់ខ្លួន ខណៈទីក្រុងគីវស្វះស្វែងរកការបង្រួបបង្រួមការគាំទ្រពីសម្ព័ន្ធមិត្ត ក្នុងពេលដែលទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ស្ថិតក្នុងភាពស្រពេចស្រពិល៕
