ក្រុមហ៊ុន Starbucks បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននឹងកាត់រំសាយបុគ្គលិកសាជីវកម្មចំនួន ១.១០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Brian Niccol បាននិយាយនៅក្នុងលិខិតមួយទៅកាន់និយោជិត កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនកំពុងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យមានភាពសាមញ្ញ ដោយកាត់បន្ថយតួនាទីដែលលើស ហើយ «បង្កើតក្រុមតូចជាងនេះ និងមានភាពរួសរវើកជាងមុន»។

លោក Niccol បាននិយាយបន្ថែមថា «យើងជឿថា វាជាការផ្លាស់ប្តូរដ៏ចាំបាច់ ដើម្បីដាក់ទីតាំង ក្រុមហ៊ុនStarbucks សម្រាប់ភាពជោគជ័យនាពេលអនាគត»។ លោក Niccol បាននិយាយនៅក្នុងលិខិតនោះថា បំណងនៃការកាត់រំសាយបុគ្គលិក គឺ ដើម្បីធ្វើ «ប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនការទទួលខុសត្រូវ កាត់បន្ថយភាពស្មុគស្មាញ និងជំរុញឱ្យមានសមាហរណកម្មកាន់តែប្រសើរ»។
លោក Niccol បានប្រកាសជាលើកដំបូងកាលពីខែមករា ថា ក្រុមហ៊ុនកំពុងរៀបចំផែនការកាត់រំសាយការងារ ខណៈលោកធ្វើការលើការផ្លាស់ប្តូរសម្រាប់អាជីវកម្ម។
លោកបានចូលកាន់តំណែងនេះ កាលពីខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីឆ្នាំដ៏លំបាកសម្រាប់ក្រុមហ៊ុនកាហ្វេយក្សដែលមានមូលដ្ឋាននៅទីក្រុង Seattle ។ ការលក់របស់ក្រុមហ៊ុន Starbucks នៅហាងកាហ្វេរបស់ខ្លួន បានធ្លាក់ចុះ៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយប្រាក់ចំណេញក្នុងភាគហ៊ុនក៏បានធ្លាក់ចុះ២៣ភាគរយនៅក្នុងត្រីមាស ផងដែរ។