ជាមួយនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី៤របស់ខ្លួន មានការអំពាវនាវកាន់តែខ្លាំងឡើងពីប្រជាជននៃប្រទេសទាំងពីរឱ្យបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ និងបង្ហូរឈាមនេះ ខណៈដែលកិច្ចចរចាសន្តិភាពនៅតែមិនប្រាកដប្រជា។

សម្រាប់ប្រជាជនអ៊ុយក្រែនជាច្រើន ប្រទេសនេះកំពុងតែប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ខ្លួន ខណៈអ្នកស្រុកគ្របដណ្ដប់ដោយក្ដីបំណងដ៏តានតឹង រវាងការចង់បានជ័យជម្នះយ៉ាងខ្លាំង និងតម្រូវការបន្ទាន់ដើម្បីបញ្ចប់ទុក្ខវេទនា សោកនាដកម្ម និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

ការអំពាវនាវចង់បានសន្តិភាពស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីផងដែរ ខណៈប្រជាពលរដ្ឋបានសម្តែងក្ដីបារម្ភអំពីរឿងគ្រប់យ៉ាងទាក់ទងនឹងជម្លោះដ៏រ៉ាំរ៉ៃមួយនេះ រាប់ចាប់ពីការបាត់បង់អាយុជីវិតមនុស្សស្លូតត្រង់ រហូតដល់អតិផរណាដែលដាក់បន្ទុកយ៉ាងធ្ងន់លើសេដ្ឋកិច្ច។

ទាហានអ៊ុយក្រែនប្រហែល ៤៦.០០០នាក់ ត្រូវបានសម្លាប់ និងរាប់សែននាក់ទៀតរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក។ ទីបញ្ចុះសព Lviv របស់អ៊ុយក្រែន ឥឡូវនេះពោរពេញទៅដោយផ្នូរសពរបស់អ្នកដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមរយៈពេលបីឆ្នាំមកនេះ៕