អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) មេដឹកនាំគណបក្ស គឺលោក Friedrich Merz បានប្រកាសថា កិច្ចពិភាក្សា រវាងគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់លោក និងគណបក្សសង្គមប្រជាធិបតេយ្យ (SPD) នឹងចាប់ផ្តើម ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ ដោយការលើកឡើងនេះ កើតមានតែ ១ថ្ងៃបន្ទាប់ពីការបោះឆ្នោតរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។

លោក Merz បានប្រាប់ថា ការពិភាក្សាដំបូង អំពីការបង្កើតរដ្ឋាភិបាលចម្រុះក្រហម-ខ្មៅ (បក្ស CDU ខ្មៅ ហើយបក្ស SPD ក្រហម) បានកើតឡើងរួចហើយ ដោយមានគោលបំណងឲ្យរដ្ឋាភិបាលថ្មីនេះត្រូវបានបង្កើតឡើងត្រឹមថ្ងៃបុណ្យ Easter (បុណ្យរំលឹកថ្ងៃព្រះយេស៊ូគ្រិស្តមានព្រះជន្មឡើងវិញ) ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២០ ខែមេសា។ ហើយជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីគោលដៅរបស់លោក ក្នុងការដឹកនាំអាល្លឺម៉ង់ឲ្យងើបចេញពីវិបត្តិសេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងមិនច្បាស់លាស់ជាមួយសហរដ្ឋអាមេរិក និងដំណើរនៅទ្រឹងដែលកំពុងបន្តមាននៃសេដ្ឋកិច្ចធំបំផុតជាងគេរបស់អឺរ៉ុប។

លោក Merz កំពុងសន្យាថា នឹងបង្កើតរដ្ឋាភិបាលដ៏រឹងមាំ ដែលនឹងផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើយ៉ាងណាឲ្យការមានជម្លោះនៅតិច ជាមួយណបក្សផ្សេង ជាអ្វីដែលបានញាំញីរដ្ឋាភិបាលចម្រុះ «៣គណបក្ស» ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
មេដឹកនាំគណបក្សរដ្ឋាភិបាលចម្រុះទាំង៣ គឺលោកអធិការបតី Olaf Scholz អធិការបតីរង លោក Robert Habeck និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christian Lindner បានផ្តល់សញ្ញាថា ពួកលោកនឹងមិនដើរតួនាទីនយោបាយសំខាន់ណាមួយឡើយ នាពេលអនាគត។ សម្រាប់គណបក្សឆ្វេងនិយមកណ្ដាល SPD សំឡេងឆ្នោត ១៦,៥ភាគរយ កាលពីថ្ងៃអាទិត្យ គឺជាលទ្ធផលដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់បក្ស។
សុន្ទរកថារបស់លោក Merz កាលពីថ្ងៃចន្ទ ក៏បានគូសបញ្ជាក់ផងដែរថា លោកនឹងផ្តល់អាទិភាពដល់អន្តោប្រវេសន៍ ក្នុងអំឡុងពេលពិភាក្សាជាមួយបក្ស SPD។ លោកក៏បានព្រមានអំពីជោគជ័យរបស់ក្រុមស្តាំនិយមជ្រុល គឺគណបក្ស AfD ដែលពួកគេទទួលបានសំឡេងឆ្នោតគាំទ្រ ២០ភាគរយ៕